(កោះកុង)៖ «យុទ្ធនាការជីផាតគ្មានប្លាស្ទិក» បានប្រារព្ធធ្វើឡើងនៅជីផាត ខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះរៀបចំឡើងស្របទៅតាមគោលដៅថ្នាក់ជាតិរបស់កម្ពុជា ក្នុងការកាត់បន្ថយកាកសំណល់ និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងជាសកលក្នុង ការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក។

ក្នុងពិធីជួបជុំនោះផងដែរ មានអ្នកចូលរួមប្រមាណជា១០០នាក់ ក្នុងនោះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីលោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តកោះកុង លោក ទុំ នី អភិបាលរងស្រុកថ្មបាំង លោក ហូ សូនី តំណាងប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង លោក ឈៀង វិច្ឆ័យ ប្រធានការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ខេត្តកោះកុង លោក ប៉ែន វិបុល ជំទប់ទីពីរ ឃុំជីផាត លោក តេង ពុធ និងលោក ឡាយ ធាវ៉ា មន្ត្រីនគរបាលឃុំជីផាត លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍ និងអេកូទេសចរណ៍ មន្ត្រីល្បាតស្នាក់ការស្ទឹងព្រាត់ នាយកសាលា និងសិស្សានុសិស្សមកពីវិទ្យាល័យជីផាត គណៈកម្មាធិការ និងសមាជិកនៃសហគមន៍អេកូទេសចរណ៍ជីផាត។

លោក សុខ ច័ន្ទគ្រឹះស្នា បានឱ្យថា «យើងចង់សម្អាត កាកសំណល់ប្លាស្ទិក មិនត្រឹមតែផ្តើមចេញពីតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែចេញពីគេហដ្ឋានរបស់យើងម្នាក់ៗ ផងដែរ។ សូមប្រើប្រាស់យុទ្ធនាការនេះ ដើម្បីលើកទឹកចិត្តឱ្យមានការសម្អាតសំណល់ប្លាស្ទិកក្នុងគ្រួសាររបស់យើង។ សហគមន៍ស្អាតផ្តើមចេញពីយើងម្នាក់ៗ។ នៅពេលផ្ទះរបស់យើងស្អាត សហគមន៍របស់យើងក៏ស្អាត និងមានសោភ័ណភាពផងដែរ។ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន យើងត្រូវប្រាកដថា ភ្ញៀវទេសចរមើលឃើញពីភាពស្អាតមានអនាម័យនៅតំបន់ជីផាតទាំងមូល។ ភាពស្អាត និងមានអនាម័យនឹងលើកទឹកចិត្តភ្ញៀវទេសចរឱ្យមកលេងយើងម្តងទៀត។ យើងមិនចង់ឱ្យភ្ញៀវទេសចរមើលឃើញសំរាម និងកាកសំណល់នោះទេ»។ 

លោក ទុំ នី អភិបាលរងស្រុកថ្មបាំង បានថ្លែងថា៖ «ដើម្បីប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិក យើងត្រូវចាត់វិធានការសំខាន់ៗឱ្យបានខ្លាំងក្លា តទៅមុខ។ ថ្ងៃនេះ យើងកំពុងឈរនៅទីនេះ បង្ហាញពីការរួបរួមគ្នាក្នុងបេសកកម្ម និងផ្តល់នូវសារដ៏មានឥទ្ធិពលដល់សាធារណជន ជាពិសេសបងប្អូនដែលប្រកបរបរនានានៅក្នុងមូលដ្ឋាន។ ខ្ញុំសំណូមពរដល់បងប្អូនទាំងអស់ សូមមេត្តាយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងសំរាម និងទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់សហគមន៍អេកូទេសចរណ៍ជីផាត និងសមាជិកដែលមានការលះបង់ខ្ពស់របស់សហគមន៍ដែលបានខិតខំធ្វើការយ៉ាងសកម្មក្នុងការប្រមូលសំរាម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់យើងទាំងអស់គ្នា»

លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត មានប្រសាសន៍ថា «នៅពេលដែលយើងខិតខំផ្តោតលើការផ្តល់នូវបទពិសោធន៍ទេសចរណ៍ធម្មជាតិដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ យើងក៏ជួបប្រទះបញ្ហាក្នុងការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកដែលអាចប៉ះពាល់ដល់សោភ័ណភាពនិងបរិស្ថានជុំវិញរបសយើង»។

យុទ្ធនាការនេះរៀបចំក្នុងគោលបំណងអប់រំក្មេងៗជំនាន់ក្រោយអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក។ យើងជាប្រជាពលរដ្ឋនៅជីផាតពិតជាចង់កាត់បន្ថយប្លាស្ទិកក្នុងជីវភាពរស់នៅរបស់យើង! ដូច្នេះ នេះជាពេលដែលយើងត្រូវរួមគ្នា និងប្រកាន់ជំហរដើម្បីរក្សាសហគមន៍ឱ្យបានស្អាត និងមានសុខភាពល្អ។ នេះមិនមានន័យថា យើងត្រូវលុបបំបាត់ការប្រើប្រាស់ប្លាស្ទិកទាំងស្រុងតែម្តងនោះទេ។ ជំនួសមកវិញ យើងអាចធ្វើការផ្លាស់ប្តូរទម្លាប់តូចៗបន្តិចម្តងៗ ដោយចាប់ផ្តើមពីថ្ងៃនេះ!

សំរាម និងសំណល់ប្លាស្ទិក ប្រមាណ ៤២០គីឡូក្រាម ត្រូវបានប្រមូលក្នុងអំឡុង យុទ្ធនាការនេះ។ គំនិតផ្តួចផ្តើមនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍ ហើយថែមទាំងបានអប់រំអ្នកភូមិបន្ថែមទៀតអំពីរបៀបទុកដាក់ និងបោះចោលសំរាម និងសំណល់ប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ បង្កើតឡើងដោយបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ក្នុងគោលបំណងការពារព្រៃឈើ និងសត្វព្រៃដោយផ្ទាល់ តាមរយៈកម្មវិធីអភិរក្សជឿនលឿន។ អង្គការផ្តល់ជំនួយផ្នែកបច្ចេកទេស និងគំនិតស៊ីជម្រៅដល់បណ្តាស្ថាប័នរដ្ឋាភិបាល និងខិតខំបង្កើតឱ្យមានការឯកភាពរួមពីភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយចំពោះការគំរាមកំហែងដល់បរិស្ថានជាច្រើនករណី រួមមានការជួញដូរសត្វព្រៃ ការធ្វើសម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការកសិឧស្សាហកម្ម ការជីកយករ៉ែ និងការទន្ទ្រានចាប់យកដីព្រៃពីសំណាក់សហគមន៍មូលដ្ឋាន។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអង្គការឈានមុខគេក្នុងការដឹកនាំសកម្មភាពផ្ទាល់នៅក្នុងតំបន់ខ្សែក្រវាត់ត្រូពិចអាស៊ីអាគ្នេយ៍៕