(ក្វាងចូវ, ចិន)៖ ប្រធានសមាគមចិនមួយប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានបង្ហាញការចាប់អារម្មណ៍លើបទបង្ហាញពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងកសិឧស្សហកម្ម ខណៈដែលមាន ក្រុមហ៊ុនចិនជាច្រើន បាននិងកំពុងវិនិយោគរកស៊ីនៅក្នុងប្រទេសកម្ពុជារួចទៅហើយ ក្រោមការផ្តល់លក្ខខណ្ឌយ៉ាងល្អប្រសើរពីសំណាក់រាជរដ្ឋាភិបាល និងការសម្របសម្រួលនីតិវិធីយ៉ាងល្អប្រសើរ។
ការចាប់អារម្មណ៍របស់សមាគមចិន ដែលមានសមាជិកជាង១ម៉ឺនក្រុមហ៊ុន និងសហគ្រាសនេះ បានកើតមានឡើងនៅចំពោះមុខប្រតូសមាគមវិនិយោគិនខ្មែរអន្តរជាតិមួយ ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងក្វាងចូវ ប្រទេសចិន ដឹកនាំដោយលោក ប៊ី សុក្របណ្ឌិត ជាប្រធានសមាគម។
ក្រោយជួបប្រជុំ ពិភាក្សា និងធ្វើបទបង្ហាញពីសក្តានុពលសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជារួចមក សមាគមប្រចាំទីក្រុងក្វាងចូវ ក៏បានឈានដល់ការចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមវិនិយោគខ្មែរអន្តរជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
លោក ប៊ី សក្របណ្ឌិត ប្រធានសមាគមខ្មែរអន្តរជាតិ បានគូសរំលេចប្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន និងសហគ្រាសប្រចាំទីក្រុងក្វាងចូវ បានគូសរំលេចពីចំណងមិត្តភាពស្អិតរមួត និងជាមិត្តភាពដែកថែបរវាងប្រទេសទាំង២កម្ពុជា-ចិន ហើយសម្រាប់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឆ្លាតវៃ ស្វាហាប់ និងពោពេញដោយថាមពលបំផុតរបស់សម្តចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងមានការរីកចំរើនស្ទើរគ្រប់វិស័យ ធ្វើឲ្យ កម្ពុជាមានបរិយាកាសវិនិយោគ ដ៏មានសក្តានុពលបំផុតក្នុងតំបន់ ដូច្នេះហើយទើបបណ្តាសហគ្រាសវិនិយោគិនចិនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងមកលើទីផ្សារកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។
តបតាមន័យនេះ លោក សក្រ បណ្ឌិត ក៏បានថ្លែងប្រាប់លោកប្រធានសមាគមផ្នែកចំណីអាហារចិន ពីវត្ថុធាតុដើមកសិកម្មយ៉ាងសំបូរបែបរបស់កម្ពុជា ដូចជា៖ ស្រូវ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ស្វាយកែវរមៀត ចេកអំបូង និងធុរនជាដើម សុទ្ធសឹងតែជាដំណាំដែលកម្ពុជាមានការដាំដុះយ៉ាងច្រើន ហើយបាននាំចេញទៅប្រទសជិតខាងផងដែរ។
លោក សុក្រ បណ្ឌិត ក៏បានស្នើសុំឲ្យសហគ្រាសចិន ទៅបើកតំបន់កសិឧស្សាហកម្ម និងរោងចក្រកែច្នៃផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចឲ្យបានច្រើនថែមទៀតនៅកម្ពុជាផ្ទាល់តែម្តង ព្រោះវិស័យនេះមានការលើកទឹកចិត្ត និងគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីភាក្សាគ្នាយ៉ាងស្និតស្នាល និងកក់ក្តៅរួចមក សមាគមវិនិយោគគិនខ្មែរអន្តជាតិ ក៏បានចុះ MOU ជាមួយសភាពាណិជ្ជកម្មចំណីអារហារក្រុងក្វាងចូវ សមាគមគ្រឿងបន្លាស់ម៉ូតូក្វាងចូវ និងក្រុមហ៊ុន Guang ZHOU SHI QIXINGYU Investment Limited Company។
ជាមួយគ្នានេះលោកប្រធានសមាគមវិនិយោគិនខ្មែរអន្តរជាតិ និងក្រុមការងារ ក៏បានចូលរួមពិក្សាការងារជាមួយសភាពាណិជ្ជកម្មឯកជនក្វាងចូវ និងថ្នាក់ដឹកនាំក្រុមហ៊ុនដែកថែប ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងការផ្តល់ឱកាសចាប់គូររវាងសមាជិក នៃសមាគមភាគីទាំងពីរ ឈានទៅរកកិច្ចសហប្រតិបិត្តការជារួមគ្នា។
ក្រោយបញ្ចប់ការចុះអនុស្សារណៈយោគយល់គ្នារួចមក, ថ្នាក់ដឹកនាំ និងសមាជិកសមាគមវិនិយោគិនខ្មែរអន្តរជាតិ ក៏បានទៅទស្សនកិច្ចតាមបណ្តាតំបន់ឧស្សាហកម្ម, ក្រុមហ៊ុនបច្ចេកវិទ្យាផលិតរថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី ជាច្រើនទៀតនៅខេត្តក្វាងតុងផងដែរ៕