(ស្វាយរៀង)៖ មានអំពើឃាតកម្មមួយបានកើតឡើងដោយសារកូនប្រសាកាប់សម្លាប់ឪពុកក្មេកនៅក្នុងថ្លុកឈាម ព្រោះតែឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រឿងជំពាក់លុយគេ។ ករណីឃាតកម្ម បានកើតឡើងកាលពីនៅវេលាម៉ោង ១៤៖១០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចខាងក្រោយការដ្ឋានសំណង់ ភូមិកណ្តាលសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងជំនាញស្នងការខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវេជ្ជបណ្ឌិត ទុំ បូរីសមាជិកគណៈកម្មការកោសល្យវិច្ច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ក្រោមមានការសម្របសម្រួលនីតិវិធីពី លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ប៊ុន សាវន់ ស្នាក់នៅកន្លែងធ្វើសំណង់ក្នុងភូមិកើតហេតុខាងលើ រីឯជនសង្ស័យឈ្មោះ ហ៊ាង សំណាង រស់នៅភូមិស្តៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីកាប់ឪពុកក្មេករួច ក៏រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕