(កំពង់ធំ)៖ ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ អញ្ជើញប្រកាសបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយ​បរិច្ឆេទ​ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោកអធិការ លោក លោកស្រីអធិការរងនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨១ឃុំ-សង្កាត់ ប្រមាណជាង ៣០០នាក់ ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរំលេចរាយការណ៍អំពីរចនាសម្ព័ន្ធ របស់កងកម្លាំងនគរបាលខេត្តកំពង់ធំ ការគ្រប់គ្រងដឹកនាំបញ្ជា ការកសាង ការលម្អរបរិស្ថាន និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍សំខាន់ៗ នាពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អប្រសើរ ជូនសង្គមជាតិ ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរម្យនា។

លោក ងួន ស្រេង បានបញ្ជាក់ថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីត្រួតពិនិត្យវាយតម្លៃលើវឌ្ឍនភាពការងារកែលម្អ ចំណុចខ្វះខាតមួយចំនួនដែលកើតមានឡើងក្នុងឆ្នាំនីមួយៗលើការងារ៖ ការគ្រប់គ្រង​ធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ(ចលនទ្រព្យនិងអចលនទ្រព្យ) ការពិនិត្យលើការគ្រប់គ្រងកងកម្លាំង បញ្ជីវត្តមានកងកម្លាំងបំពេញភារកិច្ចជាប្រចាំថ្ងៃ ព្រមទាំងត្រួតពិនិត្យ​លើកញ្ចប់ថវិកា​គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រួតពិនិត្យលើប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ លើកទិសដៅសម្រាប់អនុវត្តបន្តផងដែរ។

លោក ងួន ស្រេង សង្ឃឹមជឿជាក់ថា ការចុះធ្វើសវនកម្មផ្ទៃក្នុងនាឱកាសនេះពិតជាទទួលបានជោគជ័យតាមការរំពឹងទុក ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំឲ្យកាន់តែមាន ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុច្ចរិតភាព រួមចំណែកពង្រឹងការងារអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍កងកម្លាំងនគរបាលជាតិ ឲ្យបានល្អប្រសើរស្របតាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់របស់រាជរដ្ឋាភិបាល នីតិកាលទី៧៕