(កំពង់ស្ពឺ)៖ លោក ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលថ្មភ្នំចំនួន ២ខ្សែ ប្រវែង ៣,៥០០ម៉ែត្រ ស្ថិតនៅភូមិដំណាក់ត្រាច ទៅភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកប៉ែន ពេជ្រសាលី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ចែកជូនដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង។
លោកបានឱ្យដឹងថា ការចុះត្រួតពិនិត្យ វាយតម្លៃការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ២ខ្សែ ប្រវែងសរុប ៣,៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូល មុខមួយចំនួន ២កន្លែង លូមូលមុខពីរចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិដំណាក់ត្រាច ទៅភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (DRR-NC-2024-No.061)។ ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ (ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា) (ប្រើប្រាស់ថវិកាជំពួក២១)។
លោកបានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។
លោកបានបន្ថែមថា បញ្ហានេះក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គម កិច្ចនៅជនបទជាពិសេសការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ, ជាក់ស្តែងជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយ ផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ប៉ែន ពេជ្រសាលី ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាដងផ្លូវ សូមចូលរួមជួយថែទាំផ្លូវ និងសូមកុំដឹកជញ្ជូនលើសទម្ងន់ និងសូមកុំបោះចោលសំរាមនៅតាមមាត់លូ ដែលជាមូលហេតុនាំឱ្យស្ទះលូនៅរដូវវស្សា ដែលជាមូលហេតុមួយនាំឱ្យផ្លូវឆាប់ខូចជាដើម៕