(កំពង់ចាម)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» និងតំបន់ទេសចរណ៍នានា ទូទាំងខេត្តកំពង់ចាម។
អភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត បានឱ្យដឹងថា ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តរាប់ម៉ឺននាក់។
អភិបាលរងខេត្តបានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះ មានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាព៕