(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យបញ្ចប់ការជជែកវែកញែក និងជេរគ្នាតទៅទៀត ករណី Miss Grand International ដែលអាចបង្កើតជាជម្លោះកាន់តែយូរថ្ងៃ។
លោករដ្ឋមន្ត្រីប្រតិភូ ថ្លែងបែបនេះ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន អំឡុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមាតុភូមិនិវត្តពីការចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ។
បើតាមលោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ពុំបានជជែកគ្នាអំពីរឿង Miss Grand International នោះឡើយ នៅពេលជួបគ្នា នៅឯប្រទេសឡាវ ប៉ុន្តែមិនមែនបានន័យថា ប្រមុខដឹកនាំទាំងពីរ មិនបានដឹងរឿងនេះដែរ។
លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំហ៊ានអះអាងទីនេះថា ប្រមុខរដ្ឋាភិបាលទាំងពីរមិនបានលើកយករឿងនេះមកជជែកនោះទេ។ តែមិនមែនបានន័យថា ថ្នាក់ដឹកនាំទាំងពីរលោកមិនបានដឹងពីបញ្ហាដែលកំពុងផ្ទុះ នៅក្នុងហ្វេសប៊ុកនោះទេ ហើយបណ្តាញសង្គម បងប្អូនកូនក្មួយដឹងស្រាប់ហើយ ជាទីកន្លែងហោះហើរ កើនលឿនជាទីបំផុត [...] អីចឹងហើយ សូមឆ្លៀតពេលនេះ អំពាវនាវឲ្យប្រើទឡ្ហីករណ៍ និងការបំភ្លឺបែបស្ងប់ស្ងាត់ ជាងការប្រទេច នាំឲ្យបែកជាអូរហូរជាស្ទឹង យូរថ្ងៃតទៅទៀត ធ្វើឲ្យរឿងឯកជនទាំងពីរបែកជាអូរហូរជាស្ទឹង បើសិនជាមានការជះសាំងទៅលើរងើកភ្លើងជាតិនិយម»។
សូមជម្រាបថា ភាពតានតឹងបាននិងកំពុងកើតឡើង រវាងប្រជាពលរដ្ឋខ្មែរនិងថៃ ដោយសារតែម្ចាស់ក្រុមហ៊ុន Miss Grand International មានទីស្នាក់ការ នៅប្រទេសថៃ បានប្រមាថខ្មែរ ហើយចោទប្រកាន់ថា ម្ចាស់កម្មវិធី Miss Grand Cambodia រៀបចំកម្មវិធីមិនត្រូវស្តង់ដារ និងគ្មានវិជ្ជាជីវៈ៕