(ហ្សាការតា)៖ នៅព្រឹកថ្ងៃអង្គារ ១៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Dato’ Sri Azalina Dato’ Othman Said រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី ទទួលបន្ទុកកំណែទម្រង់ច្បាប់ និងស្ថាប័ន របស់ប្រទេសម៉ាឡេស៊ី តាមរយៈអនឡាញ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើមរបស់ម៉ាឡេស៊ី ស្តីពីមជ្ឈត្តភាពអន្តរជាតិ និងការផ្តល់ហិរញ្ញវត្ថុដល់ភាគីទី ៣ ស្របពេលដែលម៉ាឡេស៊ីនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ខាងមុខ។
នៅរសៀលថ្ងៃអង្គារ ១៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Miguel de Mascarenhas de Calheiros Velozo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋព័រទុយហ្កាល់ប្រចាំអាស៊ាន បានជូនសារតាំងដល់ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
អគ្គលេខាធិការអាស៊ាន បានអបអរសាទរឯកឧត្តម Velozo សម្រាប់ការចាប់ផ្តើមភារកិច្ចថ្មី។ គាត់បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតព័យទុយហ្កាល់ប្រចាំទីក្រុងហ្សាការតាលោក Velozo បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ព័រទុយហ្កាល់ក្នុងការបង្កើតទំនាក់ទំនងឱ្យកាន់តែខ្លាំងក្លា ជាមួយអាស៊ាន ទាំងលក្ខណៈទ្វេភាគី និងតាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។
បណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យឯកឧត្តម Velozo ស្វែងរកកិច្ចសហការជាមួយអាស៊ាន ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំងពាណិជ្ជកម្ម និងការវិនិយោគ ឌីជីថលនីយកម្ម កសិកម្ម និងនេសាទ ឧស្សាហកម្ម៍រ៉ែ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កីឡា ក៏ដូចជា កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យផ្សេងទៀតដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង នៅក្រោមក្របខណ្ឌចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា អាស៊ានរំពឹងសហការជាមួយព័រទុយហ្កាល់ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក ដែលអាស៊ានមានជំនាញ និងចំណុចខ្លាំង ទាំងទ្វេភាគី និងតាមរយៈភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប។
លោក Velozo បានមានប្រសាសន៍ថា ខ្ញុំនឹងប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន ជាពិសេស ពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅរកអនាគតដែលមានវិបុលភាព និងសន្តិភាព សម្រាប់ប្រជាជាតិ និងតំបន់របស់យើង។ សូមជម្រាបជូនថា ឯកឧត្តម Velozo គឺជាឯកអគ្គរដ្ឋទូតទី ៥ របស់ព័រទុយហ្កាល់ ប្រចាំអាស៊ាន។
នៅល្ងាចថ្ងៃអង្គារ ១៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ នៅ ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរៀបចំអាហារពេលល្ងាចក្នុងឱកាសដែលឯកឧត្តម Ekkaphab Phanthavong អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងបញ្ចប់អាណត្តិនៅថ្ងៃទី ១១ ខែតុលា ខាងមុខ ។
អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ ឯកឧត្តមអគ្គលេខាធិការរង សម្រាប់ការចូលរួមចំណែកនៅក្នុងកិច្ចការរបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃបញ្ចប់អាណត្តិ។
អគ្គលេខាធិការអាស៊ាន បានជូនពរឱ្យលោក Ekkaphab Phanthavong មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការងារនាពេលអនាគត។