(វ៉ាស៊ីនតោនឌីស៊ី)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអាត្លង់ទិក (The Atlantic Council of United States) ដឹកនាំដោយលោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមប្រឹក្សា ដែលជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាម៉េរិកធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ។
កិច្ចប្រជុំពិភាក្សាការងារដែលបានធ្វើឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់)ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International, លោក William Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាចន្លោះពីឆ្នាំ២០១៥-២០១៨, លោក Patrick Murphy អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាក្នុងឆ្នាំ២០១៩-២០២៤ និងតួអង្គសំខាន់ៗជាច្រើនទៀតផងដែរ។
ក្នុងកិច្ចពិភាក្សានាឱកាសនេះលោកឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជាសហរដ្ឋអាម៉េរិក និងកិច្ចខិតខំរបស់គ្រប់ភាគីពាក់ព័ន្ធ មានជាអាទិ៍ក្នុងវិស័យវិនិយោគ បានបន្តឥតដាច់ដើម្បីរក្សាបាននូវកំណើនការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាម៉េរិកមកកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានរំលេចជូនអង្គពិធីទាំងមូលអំពី កំណើននៃការវិនិយោគឯកជននៅកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលកើនឡើងរហូតដល់៧៥% ដែលគិតជាគម្រោងមានចំនួន១៦៨គម្រោង។ កម្ពុជាបានបន្តខិតខំប្រឹងប្រែងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាមិនត្រឹមតែសម្រាប់បម្រើប្រយោជន៍ពលរដ្ឋដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សម្រួលការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។
គម្រោងនានាមានជាអាទិ៍ដូចជាគម្រោងពង្រីកកំពង់ផែអន្តរជាតិទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងព្រែកជីកជាដើម ដែលសុទ្ធសឹងតែនឹងចូលរួមបង្កើនតម្លៃប្រកួតប្រជែងផ្នែកភស្ដុភារកម្មរបស់កម្ពុជា។ ដោយហេតុថាកម្ពុជាស្ថិតនៅចំកណ្ដាលនៃតំបន់អាស៊ាន មានប្រជាពលរដ្ឋប្រមាណ ១៧លាននាក់ ដោយក្នុងនោះប្រជាពលរដ្ឋវ័យក្មេងមានប្រមាណជាង៦០% ច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់។ ចំពោះទីផ្សារ កម្ពុជាភ្ជាប់ទៅកាន់អាស៊ាន មហាអនុតំបន់ទន្លេមេគង្គ និងទីផ្សារនៃប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលសរុបមានប្រជាជនប្រមាណ ២,៣ពាន់លាននាក់ជាគោលដៅ។
សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ហើយស្របតាមទឡ្ហីករនេះចំពោះកិច្ចការងារវិនិយោគកម្ពុជាលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារវិនិយោគឯកជន បានខិតខំរិះរកវិធីសាស្រ្តនានា ដើម្បីធានានូវប្រសិទ្ធភាពនៃតួអង្គរដ្ឋនិងឯកជន ដោយរក្សាបាននូវការអនុវត្តស្របច្បាប់ និងមានភាពបត់បែនដល់វិនិយោគិន មានជាអាទិ៍ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការបន្តអនុវត្តកិច្ចសន្ទនាដៃគូរវាងរដ្ឋនិងឯកជនជាដើម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរៀបចំជាលើកដំបូងនូវ កិច្ចសន្ទនារវាងរដ្ឋនិងឯកជននៃប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ក្រោមសហអធិបតីភាពពីលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។
បន្ថែមលើការលើកឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក Casey Barnet ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា ហើយក៏ជាប្រធាននិងស្ថាបនិកសាលាពាណិជ្ជកម្ម CamEd Cambodia ក៏បានលើកឡើងអំពីភាពវិជ្ជមានក្នុងកិច្ចការងារវិនិយោគឯកជន ដោយហេតុថាកម្ពុជាបានអនុញ្ញាតជូនវិនិយោគិនបរទេសទាំងអស់អាចក្លាយជាម្ចាស់កម្មសិទ្ធទាំងស្រុង១០០% នៃអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើកលែងកម្មសិទ្ធដីធ្លី ពិសេសការទទួលបានការលើកទឹកចិត្តទៅតាមគម្រោងវិនិយោគផ្សេងៗ គឺដូចៗគ្នាដល់គ្រប់វិនិយោគិនទាំងកម្ពុជានិងបរទេស។
ជាការឆ្លើយតបលោក Frederick Kempe បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំរបស់លោកឧបនាយករដ្ឋមន្រ្តីក្នុងដំណើរបេសកកម្មនាឱកាសនេះ។ តាមរយៈអង្គប្រជុំនេះ ភាគីទាំងអស់នឹងខិតខំបន្ថែមទៀតចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលជាវិជ្ជមានរបស់កម្ពុជា ដើម្បីពង្រឹងបន្ថែមកិច្ចការងារវិនិយោគផ្ទាល់លើវិស័យមានជាអាទិ៍បច្ចេកវិទ្យាទូរគមនាគមន៍ និងចំណីអាហារជាដើម។