(ភ្នំពេញ)៖ ករណីចោរកាត់ចម្រឹងបង្អួចលួចទូរស័ព្ទស៊េរីទំនើប ចំនួន៧៥គ្រឿង នៅផ្ទះជនរងគ្រោះ ឈ្មោះ រដ្ឋា ភេទស្រី អាយុ ៣១ឆ្នាំ ខ្មែរ មុខរបរលក់ទូរស័ព្ទ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កកណ្តាល ត្រូវបានកម្លាំងកងរាជអាវុធហត្ថជាច្រើនខេត្តរួមគ្នាសហការ ស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យត្រូវតុលាការចេញដីបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួចហើយ។
អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឱ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៍តាមទិសស្លោករបស់នាយឧត្តមសេនីយ៍ សៅ សុខា «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។
ជាមួយគ្នានេះដែរ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំពីស្នងការ ស្នងការដ្ឋានស្រាវជ្រាវបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តបន្ទាយមានជយ័ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។
ជាក់ស្តែងនៅវេលាម៉ោង២:៥២នាទី ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស (កាត់ចម្រឹងបង្អួចលួចទូរស័ព្ទ) នៅផ្ទះជនរងគ្រោះ ឈ្មោះ រដ្ឋា ភេទស្រី អាយុ ៣១ឆ្នាំ ខ្មែរ មុខរបរលក់ទូរស័ព្ទ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កកណ្តាល។
ករណីនេះធ្វើសកម្មភាពលួចដោយជនសង្ស័យ ០១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួចគេចខ្លួន។ សម្ភារៈបាត់បង់ទូរស័ព្ទចំនួន ៧៥គ្រឿង ម៉ាក (IPHON12 IPHON13 IPHON15 SAMSUNG)។ វត្ថុតាងចាប់យកនៅកន្លែងកើតហេតុមាន កន្ត្រៃកាត់ដែកដងរុំស្កុតពណ៌ខ្មៅចំនួន០១ និងដែកទីបដងជ័រពណ៌ខ្មៅ ចំនួន០២ដើម និងស្កុតខ្មៅ០១ដុំ ស្រោមមុខពណ៌ខ្មៅចំនួន០១។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថក្រុងតាខ្មៅ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំចុះផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយតាមជំនាញ គួបផ្សំបទពិសោធន៏របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់ទើបយើងកំណត់បានមុខសញ្ញាម្នាក់ប្រើប្រាស់ទូរស័ព្ទដែលជនរងគ្រោះបាត់។
នៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ បានអញ្ជើញអ្នកប្រើប្រាស់ទូរស័ព្ទម្នាក់ឈ្មោះម៉ូ ភេទស្រី មកសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឈ្មោះម៉ូ ឆ្លើយថាគាត់ទិញទូរសព្ទ័ពីហាងលក់ទូរស័ព្ទឈ្មោះ សិទ្ធ នៅផ្សារត្រី ក្រុងប៉ោយប៉ែត។ ជំនាញកងរាជអាវុធហត្ថក៏អញ្ជើញឈ្មោះ សិទ្ធ មកសាកសួរ ឆ្លើយថាគាត់ទិញពីហាងលក់ទូរសព្ទ័នៅផ្សារអគ្គ ក្រុងប៉ោយប៉ែត យកមកលក់បន្តឱ្យឈ្មោះ ម៉ូ។ ជំនាញកងរាជអាវុធហត្ថក៏អញ្ជើញឈ្មោះ ហុង មកសាកសួរ ឆ្លើយថាគាត់ទិញពីហាងលក់ទូរសព្ទ័ឈ្មោះ E W នៅរាជធានីភ្នំពេញ ម៉ាក IPHONE 15 ចំនួន ០៣គ្រឿង មកលក់ឱ្យឈ្មោះ សិទ្ធ ចំនួន ០១គ្រឿង និង ០២គ្រឿងទៀតលក់ឱ្យភ្ញៀវ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំភ្លឺម្ចាស់ហាងលក់ទូរស័ព្ទ E W នៅចំណុចផ្សារឃ្លាំងរំសេវថ្មី ម្ចាស់ហាងឆ្លើយថា បានយកទូរសព្ទ័ចំនួន ០៣គ្រឿងម៉ាក IPhone 15 ពីហាងលក់ទូរស័ព្ទឈ្មោះ សស ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញម្ចាស់ហាងឈ្មោះ សស មកសាកសួរ ឆ្លើយថាពិតជាបានលក់ទូរសព្ទ័ម៉ាក IPhone 15 ចំនួន ០៣គ្រឿងឱ្យទៅហាងលក់ទូរស័ព្ទ ឈ្មោះ E W ពិតប្រាកដមែន ហើយទូរស័ព្ទ០៣គ្រឿងនេះ និងទូរស័ព្ទម៉ាក IPhone ចំនួន ២២គ្រឿងទៀត ខ្លួនទិញពីឈ្មោះ ម ភេទប្រុស អ្នកលក់ទូរស័ព្ទនៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ កម្លាំងជំនាញបានអញ្ជើញឈ្មោះ ម មកសាកសួរចម្លើយថាខ្លួនបានទិញទូរស័ព្ទចំនួន ៤៥គ្រឿង មានម៉ាក IPhone ១២ IPhone ១៣ IPhone ១៥ ពីឈ្មោះ ពៅ ស៊ីមហ៊ុល (ជនសង្ស័យ) ភេទប្រុស មានទីលំនៅភូមកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ហើយខ្លួនពិតជាបានលក់ទៅឱ្យឈ្មោះ សស ចំនួន ២៥គ្រឿង, ឈ្មោះ ឡ ភេទប្រុស មុខរបរលក់ទូរស័ព្ទ នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវចំនួន ១៥គ្រឿង និងខ្លះទៀតលក់ឱ្យអ្នកផ្សេងយកទៅប្រើប្រាស់។
តាមចម្លើយពីអ្នកពាក់ព័ន្ធខាងលើ នៅវេលាម៉ោង៧:៥៥នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ពៅ ស៊ីមហ៊ុល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ចាប់យកវត្ថុតាង រថយន្តចំនួន ០១គ្រឿង ម៉ាក LEXUS RX ៣៣០ ឆ្នាំ២០០៤ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ ២AW ៤៦៤៤ ,ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក TECNO ពណ៌ប្រផេះ (របស់ជនសង្សយ័)។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យឈ្មោះ ពៅ ស៊ីមហ៊ុល បានសារភាពថាកន្លងមករូបគេធ្លាប់រត់ម៉ូតូឌុបនៅក្រុងតាខ្មៅ និងរាជធានីភ្នំពេញ ទើបរូបគេស្គាល់ភូមិសាស្ត្រ និងទីតាំងត្រូវចូលលួចច្បាស់ ហើយធ្វើសកម្មភាពលួចទូរស័ព្ទតាមហាងចំនួន ០៣លើកគឺ ៖
*លើកទី១ ឆ្នាំ២០២១ លួចនៅខណ្ឌកំបូល បានទូរស័ព្ទប្រហែល ៦០គ្រឿង។
*លើកទី២ ឆ្នាំ២០២៣ លួចនៅខណ្ឌដង្កោ បានទូរស័ព្ទប្រហែល ៤០គ្រឿង។
*និងលើកចុងក្រោយលួចនៅក្រុងតាខ្មៅ បានទូរស័ព្ទជាង ៧៥គ្រឿង ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលចាប់ខ្លួនតែម្តង។
ចំពោះទូរស័ព្ទដែលខ្លួនលួចបានគឺទុកប្រើ ០៣គ្រឿងម៉ាក Samsung ហើយចាញ់ល្បែងក៏លក់ឲ្យអ្នកលេងល្បែងដូចគ្នា ០៦គ្រឿង សល់ប៉ុន្មានគ្រឿងទៀតទៀតលក់ឱ្យអ្នកលក់ទូរសព្ទ័នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ប្រាក់ដែលបានពីលក់ទូរស័ព្ទទាំងអស់ ខ្លួនចាយវាយនិងលេងល្បែងចាញ់អស់ហើយ។ ទូរសព្ទ័របស់ជនរងគ្រោះ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានមួយចំនួន បានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញ អាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់អាជីវក ទិញ-លក់ទូរសព្ទ័ទាំងអស់សូមមេត្តាទុកដាក់ឱ្យមានសុវត្ថិភាព បំពាក់កាមេរ៉ាសុវត្ថិភាពឱ្យបានច្រើន ទូរស័ព្ទត្រូវកត់ត្រាលេខកូដទាំងអស់ រាល់ការទិញ-លក់ ត្រូវមានវិក្កយបត្រត្រឹមត្រូវច្បាស់លាស់ ងាយស្រួលសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវនៅពេលមានបទល្មើសកើតឡើង៕