(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយជាង២៤ម៉ឺនដុល្លារ តាមបណ្ដឹងរបស់ជនរងគ្រោះ។ បុរសដែលសមត្ថកិច្ចចាប់ខ្លួននេះឈ្មោះ ស៉ឺន សុកគា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមបណ្ដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា បុគ្គលរូបនេះជាបក្ខពួកជាមួយក្រុមគ្រូជោគជ័យ ដែលកាលពីអំឡុងខែមករា ឆ្នាំ២០២៤ បានទូទាត់សងប្រាក់ឲ្យខ្លួនតាមរយៈមូលប្បទានប័ត្រ (សែក) ចំនួន៤សន្លឹក ដែលមានទឹកប្រាក់សរុបចំនួន២៤ម៉ឺនដុល្លារ ប៉ុន្ដែនៅពេលខ្លួនទៅបើកនៅធនាគារ ខាងធនាគារបានបញ្ជាក់ថា សែកនោះមិនមានលុយឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុគ្គលឈ្មោះ ស៉ឺន សុកគា ដែលសមត្ថកិច្ចចាប់ខ្លួននេះ ក៏ជាប់ពាក់ព័ន្ធជាមួយអំពើឆបោកផ្សេងទៀត ជាមួយពលកររស់នៅក្រៅប្រទេស។ បន្ថែមពីនេះ លោក ស៉ឺន សុកគា ក៏ធ្លាប់យកឈ្មោះរបស់ថ្នាក់ដឹកនាំទៅប្រើប្រាស់ខុសគោលដៅ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំផងដែរ។
យ៉ាងណាមិញ បុគ្គលឈ្មោះ ស៉ឺន សុកគា នៅពេលនេះកំពុងស្ថិតក្រោមចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់កម្លាំងនគរបាលជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕