(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌ របស់រតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន L.Y.P Group ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត ដោយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីបទជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cyber Crime) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមឧកញ៉ាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ។
សមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា អស់ជាច្រើនទស្សវត្សរ៍មកហើយដែលលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P Group បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនកន្លែង និងការចូលរួមសកម្មភាពសប្បុរសធម៌យ៉ាងច្រើន ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅកម្ពុជា និងតំបន់។
សមាគមឧកញ៉ាកម្ពុជាជឿជាក់ថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មិនអាចធ្វើសកម្មភាពជួញដូរមនុស្ស ដូចការចោទប្រកាន់នោះទេ ។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា ទទូចឱ្យរតនាគារសហរដ្ឋអាមេរិក ពិចារណាឡើងវិញ លើករណីដ៏អយុត្តិធម៌ និងលុបចោលការដាក់ទណ្ឌកម្មនេះ៕