(សៀមរាប)៖ លោក ច័ន្ទធី សុជីវ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានក្រុមការងារដឹកជញ្ជូនផ្លូវគោកកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ានលើកទី៣៣ (33rd LTWG) នៅខេត្តសៀមរាប រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ -១៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិកអាស៊ាន រួមមានមកពីប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងដៃគូសន្ទនាពាក់ព័ន្ធ UNESCAP, GIZ, ជប៉ុន, កូរ៉េ, U.S.DOT, E-READI, ITF, UNEP-ICCT, ARCEO ព្រមទាំងមានការចូលរួមពីគណៈប្រតិភូទីម័រខាងកើត ក្នុងនាមជាអ្នកអង្កេតការផងដែរ។
កិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ានលើកទី៣៣ ខាងលើនេះ បានចែកជា ៣វគ្គសំខាន់ៗក្នុងការពិភាក្សា ដែលពាក់ព័ន្ធមានដូចជា៖ (១) កិច្ចប្រជុំអនុក្រុមការងារផ្លូវហាយវ៉េអាស៊ានលើកទី២២ (22nd AHSWG), (២) កិច្ចប្រជុំអនុក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកពហុវិស័យអាស៊ានលើកទី១៥ (15th MRSSWG), និង (៣) កិច្ចប្រជុំអនុក្រុមការងារផ្លូវដែកអាស៊ានលើកទី៥ (5th ARSWG)។
ជាលទ្ធផល អង្គប្រជុំបានធ្វើការពិនិត្យឡើងវិញចុងក្រោយ (End-Term Review) តាមរយៈការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពលើសកម្មភាពពាក់ព័ន្ធ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ានឆ្នាំ២០១៦-២០២៥ (KLTSP 2016-2025) សំដៅសម្រេចទៅតាមផែនការដែលបានគ្រោងទុកឆ្លើយតបទៅនឹងការប្ដេជ្ញារបស់ប្រទេសជាសមាជិកអាស៊ានក្នុងការលើកកម្ពស់យ៉ាងសកម្មដល់ការអភិវឌ្ឍផ្នែកដឹកជញ្ជូនផ្លូវគោក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ ជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ និងរួមចំណែកដល់ការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាស៊ាន ក្នុងនាមជាតំបន់មួយដែលចាត់ទុកជាមហាអំណាចសេដ្ឋកិច្ចទី៥ លើសកលលោក។
ជាថ្មីម្តងទៀត កម្ពុជាក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ានលើកទី៣៤ (34th LTWG) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅឆ្នាំ២០២៥ ខាងមុខ៕