(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារ ជាមួយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុន ដែលអញ្ជើញមកធ្វើបទបង្ហាញពីម៉ាស៊ីនកម្ទេចសំរាមដ៏ទំនើប។ ជំនួបនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង ភាគីជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគកែច្នៃ និងបំប្លែងសំរាមសំណល់ប្លាស្ទិកទៅជាប្រេង។
តំណាងក្រុមហ៊ុន Sougo Tatemono Service Inc. របស់ជប៉ុន បានធ្វើបទបង្ហាញអំពីឧបករណ៍កម្ទេចកាកសំណល់ប្លាស្ទិកទៅជាប្រេង ដោយម៉ាស៊ីនដ៏ទំនើបនេះ មានសមត្ថភាពបំប្លែងសំរាមប្លាស្ទិកសុទ្ធក្នុង១តោន ទៅជាប្រេងបានពី៦០០លីត្រ ទៅ៧០០លីត្រ។ សម្រាប់សំរាមចម្រុះវិញក្នុង១តោន អាចបំប្លែងចេញជាប្រេងបាន២០០លីត្រ ទៅ៣០០លីត្រ។ ចំពោះម៉ាស៊ីនបំប្លែងសំរាមនេះ អាចដុតសំរាមបាន៣០តោនក្នុង១ថ្ងៃ ហើយម៉ាស៊ីននេះអាចប្រើប្រាស់បានក្នុងរយៈពេលពី២០ទៅ៣០ឆ្នាំ។
ភាគីជប៉ុនបានបញ្ជាក់ថា ប្រេងដែលបានបំប្លែងពីសំណល់ប្លាស្ទិក អាចយកទៅប្រើក្នុងម៉ាស៊ីនកម្ទេចសំរាមនោះវិញ ហើយអាចបំប្លែងទៅជាប្រេងម៉ាស៊ូត ប្រេងសាំង ឬក៏ប្រេងផ្សេងបន្ថែមទៀត។
ក្នុងឱកាសនោះ លោក សុខ លូ បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះម៉ាស៊ីនបំប្លែងសំរាមនេះ ហើយលោកសង្ឃឹមថា ម៉ាស៊ីនដ៏ទំនើបនេះនឹងមានដំណើរការនៅទីលានចាក់សំរាម ក្នុងខេត្តបាត់ដំបងនាពេលឆាប់ៗខាងមុខនេះ។ លោកបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងរង់ចាំជានិច្ចក្នុងការសហការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង នៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមវិនិយោគ លើការកែច្នៃសំរាមប្លាស្ទិកទៅប្រេង ខណៈការទុកដាក់ និងគ្រប់គ្រងសំរាមក៏ជាផ្នែកមួយដែលអាចជួយដល់ក្រុងបាត់ដំបង ឲ្យក្លាយទៅជាទីក្រុងឆ្លាត នៅពេលអនាគត។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង មានទីលានទុកដាក់សំរាមខ្នាតធំកម្រិតស្ដង់ដារមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣។ ទីលានទុកដាក់សំរាមក្រុងបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីជាង២០ហិកតា ដែលដាក់ឲ្យប្រើប្រាស់ដំណាក់កាលដំបូងនូវរណ្ដៅទី១ មានទំហំជិត៣ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបានជាង៣០ម៉ឺនម៉ែត្រគូប សម្រាប់រយៈពេល១០ឆ្នាំ (២០២២ រហូតដល់២០៣២)។
តាមការរំពឹងទុកប្រជាជនប្រមាណ៦០% ដែលត្រូវជា១២៦,០០០នាក់ នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថាន ពីទីលានចាក់សំរាមមួយនេះ។ ទីលានទុកដាក់សំរាមដ៏ធំមួយនេះ ចំណាយថវិកាសាងសង់ប្រមាណជាង៦លានដុល្លារ ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ផងដែរ៕