(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ចេង អ៊ីង ជំនាញវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដែលបម្រើការនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានធ្វើបទបង្ហាញនៅ បណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់នៅប្រទេសបារាំង អំពីការការអភិវឌ្ឍន៍ផ្នែកវះកាន់ប្រព័ន្ធប្រាសាទនៅក្នុងប្រទេសកម្ពុជា ក្រោយរបបប្រល័យពូជសាសន៍ រហូតមកដល់ពេលបច្ចុប្បន្ន។ បទបង្ហាញនេះបានធ្វើឡើងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
បណ្ឌិតសភាជាតិនៃការវះកាត់នៅប្រទេសបារាំង គឺជាស្ថាប័នដ៏មានកិត្យានុភាពដល់ការផ្សព្វផ្សាយ និងការអភិវឌ្ឍន៍នៃការវះកាត់ដែលត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសក្នុងឆ្នាំ ១៧៣១។ នៅដើមសតវត្សទី១៩ បណ្ឌិត្យសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវត្តន៍នៃការអនុវត្តវះកាត់ និងក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកវះកាត់។ វាជាកន្លែងជួបជុំសម្រាប់គ្រូពេទ្យវះកាត់ល្បីឈ្មោះ និងបានរួមចំណែកក្នុងការកែលម្អបច្ចេកទេសវះកាត់។
បណ្ឌិតសភាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រៀនផ្នែកវះកាត់នៅប្រទេសបារាំង តាមរយៈការរៀបចំសន្និសីទ សិក្ខាសាលា និងការបោះពុម្ពផ្សាយការងារស្រាវជ្រាវ ហើយក៏បានដើរតួយ៉ាងសំខាន់ ក្នុងការកំណត់ស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់ការអនុវត្តការវះកាត់។
សតវត្សទី ២០ និងបន្តររហូតមកដល់បច្ចុប្បន្ន បណ្ឌិតសភាបានបន្តវិវឌ្ឍតាមពេលវេលា ដោយបញ្ចូលបច្ចេកវិទ្យាថ្មីៗ និងការសម្របខ្លួនទៅនឹងភាពជឿនលឿនក្នុងវិស័យវះកាត់ ហើយបណ្ឌិតសភានៅតែជាតួអង្គសំខាន់ ក្នុងការបន្តការបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ និងក្នុងការលើកកម្ពស់ការស្រាវជ្រាវផ្នែកវះកាត់ សព្វថ្ងៃនេះបណ្ឌិតសភាវះកាត់ជាតិបារាំង គឺជាការប្រមូលផ្តុំគ្រូពេទ្យវះកាត់មកពីឯកទេសផ្សេងៗគ្នា ហើយបន្តលើកកម្ពស់ឧត្តមភាពក្នុងការវះកាត់តាមរយៈការបោះពុម្ពផ្សាយបែបវិទ្យាសាស្ត្រ សន្និសីទ និងការបណ្តុះបណ្តាលឯកទេស។ បណ្ឌិត្យសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្តង់ដារខ្ពស់ក្នុងការអនុវត្តការវះកាត់ និងគាំទ្រការស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងវិស័យនេះ។
លោកសាស្ត្រាចារ្យក៏បានសង្កត់ធ្ងន់នូវការខិតខំប្រឹងប្រែងក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ពោលគឺធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលនៅសេសសល់ក្រោយពីការសម្លាប់រង្គាលក្នុងរបប ៣ ឆ្នាំប្រាំបីខែ ២០ ថ្ងៃ បានធ្វើការខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្វើឲ្យវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់។ ក្នុងនោះដែរភាគីបារាំងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងផ្នែកវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើង។
នៅក្នុងឆ្នាំ២០១៤ មជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលកាលនោះក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ជាអគ្គនាយកមន្ទីរពេទ្យហើយដែលបច្ចុប្បន្ន លោកសាស្ត្រាចារ្យ ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
បច្ចុប្បន្នមជ្ឈមណ្ឌលនេះដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាខួរក្បាលនិងឆ្អឹងកងខ្នង ដែលជំងឺទាំងនោះរួមមាន ដុំសាច់ខួរក្បាល ឈាមកកខួរក្បាល ដុំសាច់ឆ្អឹងកងខ្នង និងបាក់ឆ្អឹងកងខ្នងជាដើម។ សព្វថ្ងៃមជ្ឈមណ្ឌលបំពាក់ដោយសម្ភារៈវះកាត់ទំនើបៗគ្រប់គ្រាន់ដូចបណ្ដាប្រទេសអភិវឌ្ឍន៍ និងមានគ្រូពេទ្យជំនាញគ្រប់គ្រាន់ ដើម្បីធានាឲ្យបាននូវការសង្គ្រោះជីវិតឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់លោកសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យវះកាត់ប្រទេសបារាំង ជាពិសេសលោកសាស្ត្រាចារ្យ Jacques Baulieux និងជាពិសេសលោកសាស្ត្រាចារ្យ Franck-Emmanuel Roux តែជានិច្ចជាការតែងតែផ្ដល់នូវឱកាសនិងការសហការយ៉ាងរលូនដល់ក្រុមគ្រូពេទ្យកម្ពុជាក្នុងន័យអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលបន្តឱ្យក្រុមគ្រូពេទ្យកម្ពុជា ពង្រឹងមសមត្ថភាពគ្រប់គ្រាន់ ដើម្បីពិនិត្យព្យាបាលសង្គ្រោះជីវិតជូនប្រជាពលរដ្ឋកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់៕