(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយតំណាងរបស់ស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Infrastructure Asia) របស់ប្រទេសសិង្ហបុរី ដែលដឹកនាំដោយ Mr. Lavan Thiru (Executive Director for Infrastructure Asia ដោយមានការចូលរួមពីលោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីចែករំលែក ផ្លាស់ប្តូរយោបល់ បទពិសោធន៍ការងារកន្លងមកលើវិស័យទឹកកខ្វក់ និងកាលានុវត្តភាពក្នុងការបង្កើតគម្រោងកិច្ចសហប្រតិបត្តិការជាមួយ Infrastructure Asia។
សូមបញ្ជាក់ផងដែរថា តំណាងមន្ត្រីនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នឹងទទួលសម្របសម្រួលជាមួយក្រុមការងាររបស់ Infrastructure Asia ដើម្បីចុះធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕