(ភ្នំពេញ)៖ លោក អឿន បូរ៉ា រ័ត្ន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោតសរសើរ ដល់គណៈទន្តពេទ្យកម្ពុជា ដែលបានខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តិ វិជ្ជាជីវៈទន្តសាស្ត្រនៅកម្ពុជា។

ការកោតសសើររបស់រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងកម្មវិធី បើកសន្និសីទ៍ទន្ដសាស្រ្ដអន្ដរជាតិលើកទី១២ រៀបចំឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ រៀបចំឡើងដោយគណៈទន្តពេទ្យកម្ពុជា។

លោក អឿន បូរ៉ា រ័ត្ន បានកោតសរសើរ ដល់គណៈទន្តពេទ្យកម្ពុជា ដែលបានខិតខំបំពេញ បេសកកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តិ វិជ្ជាជីវៈទន្តសាស្ត្រ
នៅកម្ពុជា និងបម្រើសេវាប្រកបដោយគុណភាព និងសុវត្ថិភាពស្របតាមគរុកោសល្យ និងក្រមសីលធម៍ ដោយគិតពីប្រយោជន៍អ្នកជំងឺ និងអតិថិជនជាអាទិភាព។
លោករដ្ឋលេខាធិការបានថ្លែងណែនាំ ដល់គណៈទន្តពេទ្យត្រូវអនុវត្តច្បាប់ ឱ្យបានហ្មត់ចត់ ចំពោះសមាជិកដែលអនុវត្តខុសឆ្គង ដើម្បីធានាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងត្រួតពិនិត្យរាល់ការផ្សព្វផ្សាយ
ដែលមានចរិកពាណិជ្ជកម្ម ភូតកុហក បំភ្លៃហួសពីការ ពិត ដែលធ្វើអាប់អោនតម្លៃវិជ្ជាជីវៈ និងរំលោភលើលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

លោក ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានថ្លែងថា សន្និសីទទន្តសាស្ត្រអន្តរជាតិលើកទី១២ ប្រារព្ធឡើងក្រោមប្រធានបទ ការលើកកម្ពស់នវានុវត្តន៍ និងវិទ្យាសាស្ត្រទន្តសាស្រ្ត ដែលជាប្រធានបទមួយ ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍យ៉ាងលឿន ផ្នែកទន្តសាស្ត្រឌីជីថល និងការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ គឺជាវេទិកាមួយដែលផ្តល់នូវការពិភាក្សាផ្លាស់ប្តូរ គំនិតយោបល់ លទ្ធផលនៃការអនុវត្ត និងស្រាវជ្រាវគ្លីនិក ដែលអាចឆ្លើយតបបានទៅនឹងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវាព្យាបាល ទាំងសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ។

លោកបានបន្ដថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ គណៈទន្តពេទ្យកម្ពុជា បានចុះបញ្ជីកា
ជូនទន្តពេទ្យចំនួន ១៥៤៧នាក់ ក្នុងចំណោមនោះទន្តពេទ្យដែលមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈទន្តសាស្ត្រ ដែលមានសុពលភាពមានចំនួន១២៧៧នាក់ និស្សិតដែលបានបញ្ចប់ការសិក្សាកម្រិតទន្តបណ្ឌិតពី គ្រឹះស្ថានបណ្តុះបណ្តាលទាំងសារធាណៈ និងឯកជនគិតត្រឹមឆ្នាំ២០២៤មានចំនួន២,២៦០នាក់ (ស្រី៦៧៣នាក់)។

គណៈទន្តពេទ្យកម្ពុជាទទួលខុសត្រូវ ក្នុងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នងវិស័យសុខាភិបាល ហើយបានចងក្រង និងផ្សព្វផ្សាយនូវឯកសារគតិយុត្តជា ច្រើនមានជាអាទិ៍៖
* ក្រមសីលធម៌ទន្តពេទ្យ។
* លក្ខខណ្ឌនិងបែបបទនៃការស្នើសុំចុះបញ្ញិការនិងអាជ្ញាប័ណ្ណវិជ្ជាជីវៈទន្តសាស្ត្រ។
* និយាមអប្បបរមានៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត។
* គោលការណ៍ណែនាំស្តីពីការអភិវឌ្ឍវិជា្ជជីវបន្ត។
* ដែនកំណត់វិជ្ជាជីវៈបទដ្ឋាន និងនិយាមវិជ្ជាជីវៈនៃការប្រតិបត្តិសម្រាប់អ្នកប្រកប
វិជ្ជាជីវៈទន្តសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា។

លោក ប៉ូច សុភារ័ត្ន បានថ្លែងបន្ដថា យើងជាទន្តពេទ្យទាំងអស់គ្នា ត្រូវថែរក្សាឱ្យបាននូវកិត្តិស័ព្ទនេះ ឱ្យកាន់តែឧត្តុង្គឧត្តមថែមទៀត ដោយត្រូវចូលរួម៖

១៖ គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា
ពិសេសក្រមសីលធម៌ទន្តពេទ្យ។ ក្រមសីលធម៌ទន្តពេទ្យមានគោលដៅលើកកំពស់សីលធម៌ សេចក្តីថ្លៃថ្នូរ និងភាពសុច្ចរិកក្នុងការប្រកបវិជ្ជាជីវ​​​​​​​ៈទន្តសាស្ត្រ លើកកំពស់គុណភាព
និងប្រសិទ្ធភាពនៃការព្យាបាលរបស់ទន្តពេទ្យ។

២៖ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការអភិវឌ្ឍវិជ្ជាជីវៈបន្តមានន័យថា ជាការសិក្សាពេញមួយជីវិតរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ការអភិវឌ្ឍវិជ្ជាជីវៈបន្ត គឺដើម្បីមាននីតិសម្បទាគ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។

៣៖ បញ្ឈប់រាល់ការផ្សព្វផ្សាយដែលមានចរិកពាណិជ្ជកម្ម ភូតកុហក បំភ្លៃហួសពីការ
ពិត ដែលធើ្វអាប់អោនតំលៃវិជា្ជជីវៈ និងរំលោភលើលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
៤៖ បញ្ឈប់ការវាយប្រហារគ្នាក្នុងវិជ្ជាជីវៈ ដែលធ្វើឱ្យបាត់បង់នូវតម្លៃសីលធម៌ និងបែកបាក់សាមគ្គី។
៥៖ ចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់សេវាខុសច្បាប់ សេវាដែលផ្តល់ដោយអ្នកដែលគ្មាន សញ្ញាបត្រទទួលស្គាល់ដោយ ក្រសួងសុខាភិបាល ឬក្រសួងអប់រំ យុវជន និងកីឡា។
៦៖ ផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋ ដោយផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ គុណធម៌ សមធម៌ និងគិតពីសុខមាលាភាពប្រជាពលរដ្ឋជាចម្បង៕