(ព្រះវិហារ)៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងលោក យឺន សូផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះពិនិត្យការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)ចំនួន០២ខ្សែ នៅស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ។
ផ្លូវ២ខ្សែដែលប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យនាពេលនេះរួមមាន៖ផ្លូវខ្សែទី១ ប្រវែង ២៤,២ គ.ម នៅក្នុងស្រុកសង្គមថ្មី ដែលបច្ចុប្បន្នវឌ្ឍនភាពការសាងសង់សម្រេចបានប្រមាណ ៨៩% និងផ្លូវខ្សែទី២ ប្រវែង ៣៨ គ.ម នៅក្នុងស្រុកសង្គមថ្មី និងស្រុកគូលែន ដែលបច្ចុប្បន្នវឌ្ឍនភាពការសាងសង់សម្រេចបានប្រមាណ ១៧%ហើយ។
ឆ្លៀតនៅក្នុងឱកាសនេះដែរ លោកបណ្ឌិត ចាន់ ដារ៉ុង និងលោក យឺន សូផល បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ និងកម្មករសាងសង់ផ្លូវ ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
លោកបណ្ឌិត ចាន់ ដារ៉ុង បានថ្លែងជម្រាបជូនប្រជាពលរដ្ឋពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលជារួមមានការកើនឡើងកំណើនសេដ្ឋកិច្ច ការស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលដ៏ធំរបស់ប្រទេស និងសមិទ្ធផលជាច្រើនទៀត។
លោកបណ្ឌិត ចាន់ ដារ៉ុង ក៏បានជម្រាបអំពីអត្ថប្រយោជន៍ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (DTA) គឺដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ផ្តល់ការងារជូនប្រជាពលរដ្ឋ ពិសេសធ្វើឲ្យខ្សែបន្ទាត់ព្រំដែនមានសុខសន្តិភាព និងសុវត្ថិភាពនៅខេត្តទាំង៤ នៃភាគឦសាន។
ក្នុងនាមលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយកុំជឿលើការឃោសនាមួលបង្កាច់ពីពួកជនអគតិមួយក្តាប់តូច ដើម្បីញុះញង់ បោកបញ្ឆោតបងប្អូនឲ្យមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត។
លោកបណ្ឌិតរដ្ឋលេខាធិការ ក៍បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកទទួលផលប្រយោជន៍ដោយផ្ទាល់ពីផ្លូវនេះ សូមចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយបញ្ឈប់ចាក់ដីលុបប្រឡាយ លុបលូរំដោះទឹក៕