(កំពង់ធំ)៖ គណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល ១០០% លើការងារថែទាំខួបផ្លូវចំនួន២គម្រោង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
លោក ផូ ផារិទ្ធ ចុះពិនិត្យមើលផ្លូវចំនួន២គម្រោងរួមមាន៖
*គម្រោងទី១៖ ការងារថែទាំខួបផ្លូវចំនួន១ខ្សែ ដោយក្រាលកៅស៊ូ DEST បន្ថែមពីលើ (Reseal DBST) ប្រវែង៧.២៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ១.៤៥៤ម៉ែត្រ ស្ថិតនៅភូមិសណ្តាន់ និងភូមិល្អង ឃុំចំណារក្រោម និងឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ (គម្រោងលេខ DRR-PM-2024-No.001)។
*គម្រោងទី២៖ ការងារថែទាំខួបផ្លូវចំនួន០១ខ្សែ មាន៧កំណាត់ ដោយក្រាលកៅស៊ូ DEST ចំនួន៦កំណាត់ ប្រវែងសរុប៤.០៧០ម៉ែត្រ ទទឹង៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងចំនួន១កំណាត់ ប្រវែង២០០ម៉ែត្រទទឹង៧ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ៨៥៤ម៉ែត្រ ស្ថិតនៅ ឃុំគោល ឃុំក្លែងឈើទាល និងឃុំសណ្តាន់ ស្រុកប្រាសាទសំបូរនិងស្រុកសណ្តាន់ ខេត្តកំពង់ធំ (គម្រោងលេខ DRPM-2024-No.002) ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ប្រើប្រាស់ថវិកាជំពូក៦១ ជាគម្រោងផែនការឆ្នាំ ២០២៤។
រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម បានសំណូមពរដល់អ្នកទទួលការធ្វើការឱ្យបានល្អ ដើម្បីឱ្យមានគុណភាពសោភ័ណភាព បន្តទៀតទៅតាមកិច្ចសន្យាធ្វើការត្រួតពិនិត្យលើការងារថែទាំខួបខាងលើ និងសុវត្ថិភាព ក្នុងរយៈពេល១២ខែ ហើយត្រូវចេះសហការណែនាំបំផុសប្រជាជន ដោយមានការយាមតាមយ៉ាងហ្មត់ចត់អាជ្ញាធរមូលដ្ឋានឱ្យចូលរួមថែទាំផ្លូវនេះ ដើម្បីរក្សាគុណភាពផ្លូវនិងកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើផ្លូវឱ្យ បានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់៕