(បាត់ដំបង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ៦៤គ្រួសារ មានជីវភាពខ្វះខាត នៅក្នុងស្រុកសំឡូត និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោក សេង ធារិន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំឡូត ព្រមទាំងសមាជិក សមាជិការ អាជ្ញាធរមូលដ្ឋាន យកចែកជូនប្រជាពលរដ្ឋនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ប្រជាពលរដ្ឋដែលទទួលអំណោយនេះ ស្ថិតនៅក្នុងឃុំចំនួន៣រួមមាន៖ ឃុំស៊ុង, ឃុំមានជ័យ ស្រុកសំឡូតចំនួន ៥៤គ្រួសារ និងឃុំសំរោង ស្រុកឯកភ្នំ ចំនួន ១០គ្រួសារ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋនោះរួមមាន គ្រឿងឧបភោគ បរិភោគចំនួន ៨មុខ ( ស្ករ, អំបិល, ប៊ីចេង, អង្ករ, ត្រីខ, ទឹកស៊ីអីវ, ទឹកត្រី, មី ) និងថវិកាមួយចំនួន។ ដោយឡែកប្រជាពលរដ្ឋចំនួន២គ្រួសារ បានទទួលស័ង្កសី និងសម្ភារមួយចំនួន ដើម្បីជួសជុលផ្ទះឱ្យបានសមរម្យឡើងវិញផងដែរ។
អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋជួបការលំបាកគ្រប់ពេលវេលា៕