(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រទានព្រះរាជសារជូនពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តមដែល សម្តេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តស្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ។

តាមរយៈព្រះរាជសារនេះ ព្រះមហាក្សត្រី មុនិនាថ សីហនុ បានមានព្រះប​ន្ទូលដូចតទៅ៖

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រពៃស្តីពី សម្តេចអគ្គ មហាសេនាបតីតេជោ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គូកវ៉ាយស៍ (Dongguk University WISE) នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញទៅចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ។

ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម គុណបំណាច់ដ៏ថ្លៃថ្លា និង ជាអគ្គមគ្គទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខ សន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងមានកិត្តិនាមល្បីរន្ទឺនៅលើ ឆាកអន្តរជាតិ ជាពិសេសបានចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាព នៅក្នុងតំបន់ និងលើពិភពលោកផងដែរ។

ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»៕

ខាងក្រោមនេះជាព្រះរាជសារសម្តេចម៉ែ៖