(ពោធិ៍សាត់)៖ ក្រសួងកិច្ចការនារី និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី គង់ សំអូន អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានការចូលរួមមកពីខេត្តគោលដៅចំនួន៩ រួមមាន៖ ខេត្តមណ្ឌលគិរី រតនៈគីរី ត្បូងឃ្មុំ កំពង់ចាម សៀមរាប តាកែវ កំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់សរុបចំនួន៥០នាក់ នៅខេត្តពោធិ៍សាត់។
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងស្វាគមន៍ និងរាយការណ៍ជូនពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានខេត្តពោធិ៍សាត់និងការងារផ្សេងៗទៀតដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខេត្តបឹងទន្លេសាបមួយនេះ។
ថ្លែងក្នុងនាម លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្នុងវគ្គបណ្តុះបណ្តាលនោះ លោកស្រី គង់ សំអូន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ពីភាពចាំបាច់ការចូលរួមរបស់ស្រ្តីក្នុងភាពជាម្តាយ ជីដូន បងស្រី ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្នុងសហគមន៍មូលដ្ឋានតាមរយះការផ្សព្វផ្សាយអប់រំដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ ឱ្យចូលរួមការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាទាក់ទងនឹងយេនឌ័រ, ការរំលោភបំពានផ្លូវភេទ, ការជួញដូរមនុស្ស សុខភាពមាតានិងទារក។ ល។ ដែលឆ្លុះបញ្ចាំងពីគ្រួសារ គឺជាស្នូលនៃការទប់ស្កាត់ការប្រើប្រាស់បំពានគ្រឿងញៀនខុសច្បាប់ និងសូមជួយផ្សព្វផ្សាយឱ្យបងប្អូន ប្រជាពលរដ្ឋហ៊ានរាយការណ៍តាមរយ:App NoDrug ងាយស្រួល រហ័ស ដោះស្រាយបានទាន់ពេលធ្វើឱ្យសហគមន៍យើងមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើន។
ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងវគ្គបណ្តុះបណ្តាលនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានពាំនាំការកោតសសេីរ គាំទ្រពីសំណាក់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនចំពោះថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ខេត្តពោធិសាត់ និងសិក្ខាកាមទាំងអស ដែលបានបន្តយកចិត្តទុកដាក់អនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជា ០១បប របស់ាជរដ្ឋាភិបាល «សម្អាតចកពីបឹង»។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា ការចូលរួមរបស់ស្រ្តីគឺមានសារសំខាន់ចាំបាច់ មានឥទ្ធិពល មានភាពជិតស្និទ្ធនៅជាប់ជាមួយក្រុមគ្រួសារហើយសម្លេង និងដំបូន្មានរបស់ស្រ្តីគឺស្រទន់អាចចាក់ចូលជ្រៅ ក្នុងក្រអៅបេះដូង "ការផ្ញើសារអប់រំពីបញ្ហាគ្រឿងញៀនតាមរយ:ស្រ្តីនឹងមានប្រសិទ្ធភាពខ្ពស់»។
លោកក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងទូទៅ ច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន និងត្រូវជួយជំរុញការទាញយកកម្មវិធី App NoDrug https://nodrugsnacd.com/download មកប្រើប្រាស់ ដើម្បីរាយការណ៍និងទទួលបានការដោះស្រាយរាល់ករណីគ្រឿងញៀននៅមូលដ្ឋាន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕