(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នោថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពី លោក លោកស្រី ជាប្រធាននាយកដ្ឋាន នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក តំណាងអង្គការដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង បានលើកឡើងថា គោលបំណងនៃអង្គសិក្ខាសាលានេះធ្វើឡើង ដើម្បីបង្ហាញវិធីសាស្ត្រដំណើការ និងលទ្ធផលការផ្ទៀងផ្ទាត់វាយតម្លៃ ដែលបានរកឃើញជាក់ស្តែង អំពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តសៀមរាប និងការបើវេទិកាពិភាក្សា និងប្រមូលធាតុចូលបន្ថែម រវាងថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្តសាមី ជាមួយក្រុមការងារចុះផ្ទៀងផ្ទាត់ថ្នាក់ជាតិ លើលទ្ធផលដែលរកឃើញ ដោយមានបង្ហាញភស្តុតាងជាក់ស្តែង។ ក្នុងនោះក៏មានផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍សម្រាប់ខេត្ត ដើមី្បអនុវត្តជំហានបន្ទាប់ ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទក្នុងខេត្ត។
លោកបន្តថា ១០ឆ្នាំមុន គឺឆ្នាំ២០១៤ ខេត្តសៀមរាប អត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ៤០.២០% ក្នុងនោះដែរ ខេត្តសៀមរាបពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ ក៏ប៉ុន្តែ១០ឆ្នាំក្រោយ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ អត្រាគ្របដណ្តប់អនាម័យ ១០០%។ ក្នុងនោះ ស្រុក/ក្រុង ទទួលបានជ័យលាភី (ODF ) ១៣ ក្រុង ស្រុក និងឃុំ សង្កាត់ទទួលបានជ័យលាភី (ODF) ចំនួន ១០០ឃុំ/សង្កាត់ និងភូមិ ដែលទទួលបានជ័យលាភី (ODF) មានចំនួន៨០៥ភូមិ ,ភូមិ ODF ១៤១ភូមិ និងមានចំនួនខ្នងផ្ទះសរុប ២,៤៩៨ខ្នង (ចំណាកស្រុក ៧,៥០១ខ្នង)។
លោកបានបន្តថា ចំពោះខ្នងផ្ទះមានបង្គន់អនាម័យ ចំនួន ២២៥,៧៥៦ គិតជាភាគរយ ៩៣.៤៥% ចំនួនខ្នងផ្ទះគ្មានបង្គន់ ប្រើបង្គន់អនាម័យរួម ១៥,៨៣១ គិតជាភាគរយ ៦.៥៥%។ គ្រប់អង្គភាពផ្តល់សេវាសាធារណៈរដ្ឋ និងឯកជនក្នុងខេត្ត រួមទាំងវត្តអារាមផ្សេងៗទៀតក្នុងខេត្ត មានបង្គន់អនាម័យដំណើរការ មានទឹកប្រើប្រាស់គ្រប់គ្រាន់ មានសាប៊ូលាងដៃ និងការទុកដាក់សម្រាម ដែលប៉ះពាល់ដល់សុខភាពបានសមរម្យ។
លោក ជាម ហ៊ីម បានកោតសរសើរ ចំពោះវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលត្រូវបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀតរបស់ខេត្ត ដោយឈរលើស្មារតីនៃការការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុតរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងធ្វើឲ្យខេត្តសៀមរាប និងអាចឈានទៅ (ODF Plus) នៅថ្ងៃខាងមុខ។
លោកប្តថា អង្គសិក្ខាសាលានេះឆ្លុះបញ្ចាំងលទ្ធផលផ្ទៀងផ្ទាត់ ODF យោងលើលទ្ធផល នៃការធ្វើសិក្ខាសាលាបញ្ជាក់ថា យើងបានឯកភាពគ្នា យល់ឃើញដូចគ្នា និងទទួលយកនូវលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិ និងអង្គការដៃគូ ដែលសម្រេចជាឯកច្ឆន្ទ ជូនខេត្តសៀមរាប ក្លាយជាខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។
លោក ជាម ហ៊ីម បានបន្តថា ទោះជាខេត្តសៀមរាបទទួលបានជ័យលាភីជាខេត្ត (ODF) ក៏មិនមានន័យថា យើងឈប់ធ្វើការងារលើកកម្ពស់អនាម័យនោះទេ តាមពិតយើងនៅមានការងារច្រើនទៀត ក្នុងការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាពិសេស ការអប់រំផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម វិស័យឯកជន សប្បុរសជននានា ត្រូវបន្តគាំទ្រជួយជំរុញបន្ថែមទៀត។ ជាពិសេស ត្រូវបន្តឱ្យមាននិរន្តរភាព (ODF) និងឈានទៅឆ្ពោះទៅយក (ODF Plus) នាពេលខាងមុខទៀត។
លោកក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរ/អង្គភាពពាក់ព័ន្ធ និងបណ្តាអង្គការសមាគម ត្រូវបន្តសហការ និងអប់រំផ្សព្វផ្សាយការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ឲ្យបានកាន់តែទូលំទូលាយថែមទៀត ព្រមទាំង ស្ថាប័នផ្តល់សេវាទាំងរដ្ឋ និងឯកជន។
លោកបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បានក្លាយទៅជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកំរិតទាប និងមានមហិច្ឆតា ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យជាប្រទេស មានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ក្រោមកិច្ចដឹកនាំរបស់ក្នុងនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននាំមកនូវសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេស បានដឹកនាំកម្ពុជាឱ្យមានសន្តិភាពពេញលេញទូទាំងប្រទេស ដែលកម្ពុជាមិនធ្លាប់មានអស់រយៈពេលជាង៥០០ឆ្នាំមកហើយ៕