(ភ្នំពេញ)៖ លោក ប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃក្រុមការងារមហាអនុតំបន់មេគង្គ Cambodia at the 28th Annual Meeting of the Greater Mekong Subregion Working Group on Environment (GMS WGE AM-28)។
នាឱកាសនោះដែរ លោក ប៉ាក សុខារ៉ាវុធ បានថ្លែងថា ចាប់តាំងពីការបង្កើតកម្មវិធីបរិស្ថានប្រទេស GMS នៅឆ្នាំ២០០៦ ក្រុមការងារស្តីពីបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារ និងលើកកម្ពស់បរិស្ថានធម្មជាតិរបស់យើង។ ប្រធានបទកិច្ចប្រជុំនៅឆ្នាំនេះផ្តោតសំខាន់ទៅលើ ការពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថាន។ ជាក់ស្តែងយើងទាំងអស់គ្នា កំពុងស្ថិតនៅលើចំណុចដ៏សំខាន់មួយ ដែលការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះ នឹងជះឥទ្ធិពលយូរអង្វែងទាំងបរិស្ថាន និងគុណភាពជីវិតរបស់យើង សម្រាប់មនុស្សជំនាន់ក្រោយ។ ដូចច្នេះ ពិតជាចាំបាច់ណាស់ ដែលយើងទាំងអស់គ្នា ត្រូវចូលរួមក្នុងការពិភាក្សាបញ្ហាទាំងអស់ ដោយភាពបន្ទាន់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចនូវលទ្ធផលជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
លោកបានបន្តថា លទ្ធផលដ៏សំខាន់មួយដែលសង្ឃឹមសម្រេចបាននៅក្នុងកិច្ចប្រជុំនេះ គឺការយល់ព្រមទៅលើក្របខណ្ឌយុទ្ធសាស្រ្តពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថានឆ្នាំ២០៣០ របស់ប្រទេស GMS «GMS 2030 Strategic Framework for Accelerating Climate Action and Environmental Sustainability»។
លោកបានបន្ថែមថា ក្របខណ្ឌនេះបានឆ្លុះបញ្ជាំងពីលទ្ធផលនៃការពិគ្រោះយោបល់យ៉ាងទូលំទូលាយនៅទូទាំងតំបន់ ដោយទទួលបានធាតុចូលពីគ្រប់តួអង្គដែលពាក់ព័ទ្ធពីរដ្ឋាភិបាល ទីភ្នាក់ងារ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍របស់យើង ទៅលើការគ្រប់គ្រងគុណភាពបរិស្ថាន សេដ្ឋកិច្ចវិលជុំ ហិរញ្ញប្បទានដែលគាំទ្រការបញ្ចេញកាបូនតិច និងការកសាងហេដ្ឋារចនាសម្ពន្ធ័ និងបច្ចេកវិទ្យា ឆ្លើយតបភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត ក្របខណ្ឌនេះក៏ជាការចែករំលែកនូវចក្ខុវិស័យសម្រាប់អនាគតនិរន្តភាព ដែលបង្ហាញពីតុល្យភាពកំនើនសេដ្ឋកិច្ច ជាមួយនឹងតម្រូវការដើម្បីការពារធនធានធម្មជាតិរបស់យើង និងការបញ្ចេញកាបូនតិច។ ក្របខណ្ឌនេះក៏ជាផែនទីចង្អុលផ្លូវ ដើម្បីឱ្យតំបន់យើងកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តភាពផងដែរ។
ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា «នៅព្រឹកនេះយើងក៏ពិភាក្សាពីសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញ ស្តីពីការត្រៀមបង្ការការបំពុលប្លាស្ទិកនៅក្នុងមហាអនុតំបន់មេគង្គ «Phnom Penh Joint Statement on the Prevention of Plastic Pollution in the GMS» ដូចដែរយើងទាំងអស់គ្នាបានដឹងហើយថា ការកើនឡើងនូវការបំពុលប្លាស្ទិកបានកំពុងគំរាមកំហែង ទន្លេ សមុទ្រ និងប្រពន្ធ័អេកូឡូស៊ីរបស់យើង និងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់»។
លោក ប៉ាក សុខារ៉ាវុធ បានលើកឡើងថា តាមរយៈការយល់ព្រមលើសេចក្តីថ្លែងការណ៍នេះ យើងកំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយបញ្ហានេះដោយយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ដំណោះស្រាយទាំងឡាយណាដែលគាំទ្រដល់សេដ្ឋកិច្ចវិលជុំ តាមរយៈការធ្វើការរួមគ្នា យើងអាចកាត់បន្ថយសំណល់ប្លាស្ទិក កែលម្អការគ្រប់គ្រងសំណល់ និងការពារផ្លូវទឹកដ៏សំខាន់ៗរបស់យើង។
ជាងនេះទៅទៀត សេចក្តីថ្លែងការណ៍នេះនឹងឆ្លុះបញ្ជាក់ពីសកម្មភាពដែលត្រូវអនុវត្តរួមគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការគ្រប់គ្រងប្រភពធនធានប្រកបដោយនិរន្តភាព។
តាមរយៈការយល់ព្រមលើសេចក្តីថ្លែងការណ៍រួមនេះ GMS កំពុងពង្រឹងសារៈសំខាន់នៃការធ្វើការរួមគ្នា តាមបណ្តោយព្រំដែនដើម្បីការពារបរិស្ថានរបស់យើង ពង្រឹងភាពធន់ និងធានាថាអត្ថប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រូវបានទទួលដោយមនុស្សគ្រប់គ្នា៕