(កំពង់ចាម)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌួង ឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបុសខ្នុរ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈនៅមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
កម្មវិធីវេទិកាសាធារណៈនេះ ក៏មានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ដែលជាប្រធាន/អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបុសខ្នុរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋសរុបមានចំនួនប្រមាណ១១៣នាក់ (ស្ត្រីចំនួន៤០នាក់)។
កម្មវិធីខាងនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងទទួលបាននូវការចូលរួមយ៉ាងផុសផុល រហូតទទួលបាននូវសំណួរ និងសំណូមពរពីប្រជាពលរដ្ឋ សរុបចំនួន០៧ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចទទួលដោះស្រាយ ព្រមទាំងបានឆ្លើយបំភ្លឺជូនយ៉ាងក្បោះក្បាយ។
កម្មវិធីវេទិកាសាធារណៈថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីដោះស្រាយ និងទទួលយកសំណូមពរអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឱ្យទាន់ពេលវេលា និងការត្រួតពិនិត្យជំរុញការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីធានាបាននូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះមានភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងទៀតមានការរីកចម្រើន ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា៕