(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជាថ្នាក់ដឹកនាំអង្គភាព និងប្រធានមន្ទី នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ កម្រិតទី៣។
លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលនេះថា ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ កម្រិតទី៣ ក្នុងគោលបំណងឱ្យថ្នាក់ដឹកនាំតាមបណ្ដាអង្គភាព ក្រោមឱវាទក្រសួងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨, ផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧, ការគ្រោងផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៥, លក្ខណៈវិនិច្ឆ័យ នីតិវិធីនៃការជ្រើសរើសភូមិគំរូ និងដំណើការនៃការធ្វើបរិវត្តន៍កម្មឌីជីថលក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
លោករដ្ឋមន្ត្ត្រីបានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងភិវឌ្ឍន៍ជនបទក្រោមប្រធានបទ ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទនាឱកាសនេះ។
លោករដ្ឋមន្រ្ដីបានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននៅថ្ងៃនេះទៅអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល និងដើម្បីអភិវឌ្ឍន៍តំបន់ជនបទឱ្យកាន់តែរីកចម្រើនថែមទៀត។
បន្ទាប់មក លោកគណៈអធិបតី បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់គ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ៕