(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរវាងលោកស្រី ស៊ឹម ម៉ាលី និងលោក ជុត ថាន នៅភូមិស្រយ៉ូវជើង និងភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំងដីជម្លោះផ្ទាល់ រួចបន្តកិច្ចប្រជុំដោះស្រាយបញ្ចប់នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំថា ក្នុងកិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់រវាងភាគីទាំងពីរ ដើម្បីបញ្ចៀសអំពើហិង្សាណាមួយ ដែលអាចកើតឡើងតាមរយៈការ ប្រឈមមុខដាក់គ្នាដោយប្រើប្រាស់គ្រឿងចក្ររបស់លោកស្រី ស៊ឹម ម៉ាលី និងលោក ជុត ថាន ដើម្បីប្រមូលផលលើដំណាំស្រូវដាំដុះលើផ្ទៃដីវិវាទ ស្ថិតនៅភូមិស្រយ៉ូវជើង និងភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលទំនាស់នេះបានអូសបន្លាយពេលវេលាយូរមកហើយ។
គូរភាគីបានព្រមព្រៀងសះជាគ្នាដោយលោក ជុត ថាន បានព្រមទទួលយកសំណងផ្តល់ជូនដោយលោកស្រី ស៊ឹម ម៉ាលី ដើម្បីបញ្ចប់រឿង ចាប់ពេលនេះតទៅ។ ភាគីទាំងពីរយល់ព្រមបញ្ឈប់ធ្វើសកម្មភាពលើទីតាំងដីខាងលើចាប់ពីពេលនេះតទៅ ដោយភាគីទាំងពីរបានព្រមព្រៀង និងស្ម័គ្រចិត្តប្រគល់ដីទំហំ ៤៥០ហិកតា ដែលជាកម្មវត្ថុនៃទំនាស់ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ។
ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានបញ្ជាក់ថា មូលដ្ឋានក្នុងការដោះស្រាយបញ្ចប់ទំនាស់នេះ គឺឈរលើដំណោះស្រាយឈ្នះឈ្នះ ដែលជាគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាចុងក្រោយ ភាគីទាំងពីរទាំងលោកស្រី ស៊ឹម ម៉ាលី និងលោក ជុត ថាន បានសំដែងនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានធ្វើជាអាជ្ញាកណ្តាលដោះស្រាយវិវាទនេះ៕