(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា លោកចង់ឃើញម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ចូលរួមតាមដានការបង្ហូរទឹកបំពុល ចូលទៅក្នុងប្រភពទឹកធម្មជាតិ កុំគិតរឿងតម្លៃចំពោះការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រ សហគ្រាសរបស់ខ្លួន ពីព្រោះជីវិតមនុស្សមានតម្លៃមិនអាចកាត់ថ្លៃ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការបំពាក់ឧបករណ៍នេះ គឺដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធានាបាននូវសុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិត ដែលរស់នៅ និងបំពេញការងារ ក្នុងតំបន់ឧស្សាហកម្ម មានសុខភាពល្អ មានបរិស្ថានល្អ និងមានការវិនិយោគល្អ។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅខេត្តត្បូងឃ្មុំ ថ្មីៗនេះលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បាននឹងកំពុងតាមដានគ្រប់រោងចក្រ សហគ្រាសទាំងអស់ ដោយតម្រូវឱ្យអនុវត្តតាមច្បាប់បានកំណត់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយអ្វីដែលខ្ញុំចង់ឱ្យក្រុមហ៊ុនចូលរួមនោះ គឺធ្វើយ៉ាងណាតាមដានទឹកដែលមិនមានប្រភពបំពុល ចូលក្នុងប្រភពទឹកធម្មជាតិ គឺជួយដល់ជីវិតមនុស្ស កុំគិតរឿងតម្លៃ ថ្លៃថ្នូរអី ព្រោះជីវិតមនុស្ស មានតម្លៃមិនអាចកាត់ថ្លៃបានទេ។ អ៊ឹចឹង សូមចូលរួមទាំងអស់គ្នា ច្បាប់បានចេញហើយ ក្រសួងបានប្រកាសហើយ អនុក្រឹត្យក៏មានថែមទៀត នៅតែក្រុមហ៊ុនទេ ដែលចូលរួម»

លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បានធ្វើការយ៉ាងសកម្មពាក់ព័ន្ធនឹងករណីរៀបចំបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ខណៈតម្លៃនៃការបំពាក់ក៏ត្រូវបាន
បញ្ចុះ៥០ភាគរយផងដែរ។

«ការចំណាយនេះមិនអាចប្រៀបធៀបនឹងជីវិតរបស់ប្រជាពលរដ្ឋបាននោះទេ ហើយនេះគឺជាកាតព្វកិច្ច របស់ក្រុមហ៊ុន ហើយអ្វីដែលខ្ញុំចង់បាននោះ គឺឱ្យមានភាពឈ្នះទាំងអស់គ្នា ឈ្នះទាំងក្រុមហ៊ុន ឈ្នះទាំងប្រជាពលរដ្ឋ ឈ្នះទាំងបរិស្ថានរបស់យើងតែម្តង ទាំងក្រុមហ៊ុន ទាំងក្រសួងបរិស្ថាន ទាំងប្រជាពលរដ្ឋនាំគ្នាថែរក្សាបរិស្ថានយើងទៅ ថែរក្សាប្រភពទឹក យើងនឹងមានប្រភពទឹកស្អាតសម្រាប់បរិភោគដែលនាំនូវការបំពុល ឈឺឆ្កាត់ដល់ប្រជាជន»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ប្រកាសស្តីពី ការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាសឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ៕