(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើងគប់កីឡា និងការប្រកួតកីឡាទូក នៅទីតាំងទន្លេរវៃគោ ខេត្តស្វាយរៀង។
កិច្ចពិភាក្សានេះមានការចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពជំនាញក្រោមចំណុះ នៃអគ្គនាយកដ្ឋានកីឡាលោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាលក្រុង លោកប្រធានមន្ទីរពាក់ព័ន្ធ តំណាងកងកម្លាំងទាំង៣ និងប្រតិភូកីឡាមួយចំនួនទៀត។
លោកអភិបាលអភិបាលខេត្ត បានស្វាគមន៍ និងសម្តែងនូវអារម្មណ៍រីករាយដែលខេត្តស្វាយរៀង ត្រូវបានសហព័ន្ធកីឡាជាតិរៀបចំអោយមានកម្មវិធីរត់ភ្លើងគប់ និងការប្រកួតកីឡាទូកដែលឈានចូលមកដល់នាពេលខាងមុខ ទាំងនេះសបញ្ជាក់ ឲ្យឃើញថា ការរៀបចំរបស់ថ្នាក់ដឹកនាំខេត្តពីកម្មវិធីនីមួយប្រព្រឹត្តិទៅដោយរលូន និងបានរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានសន្តិភាពជូនពលរដ្ឋ។
ជាមួយគ្នានេះ លោករដ្ឋលេខាបានបញ្ជាក់អំពីការផ្សព្វផ្សាយពិធីរត់ភ្លើងគប់ជុំវិញខេត្តទាំង០៥ រួមមាន៖ ខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងបន្តទៅកាន់ខេត្តកណ្តាលចាប់ចេញដំណើរពីទីតាំង (ព្រែកជីកហ្វូណនតេជោ) រួចបន្តទៅដង្ហែទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រកាសពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ពិធីរត់ភ្លើងគប់កីឡានឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ និងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ នឹងរៀបចំធ្វើឡើងនៅទីតាំងទន្លេរវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០៥ ដល់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕