(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្ដិភាពនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ នាពហុកីឡដ្ឋានមរតកតេជោ ដោយមានអ្នកចូលរួមប្រមាណជាង៤ម៉ឺននាក់។
កិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ បានធ្វើឡើងនាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក ឃួង ស្រេង បានលើកឡើងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកខួបសន្តិភាព ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍នេះ ក្រៅពីត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ហើយ យើងនឹងត្រៀមរៀបចំការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ជាមួយតុបតែង រៀបចំបដា រៀបចំតន្រ្តីជាដើម សំដៅធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដំណើរទៅដោយរលូន និងជោគជ័យ។
ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះអ្វីដែលសំខាន់នោះ គឺកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធី។ លោកបានបញ្ជាក់ថា កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកងកម្លាំងមានសមត្ថកិច្ច បានបំពេញការងារបានយ៉ាងល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដោយបានធ្វើឲ្យពួកជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទទួលបរាជ័យ។ ប៉ុន្តែក្រុមអគតិជ្រុលនិយមទាំងនេះ នៅតែចិញ្ចឹមចិត្ត បង្កអសន្តិសុខនៅក្នុងសង្គមដដែរ ដែលទាមទារឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ។
លោកសន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា ព្រឹត្តិការណ៍បាល់ទាត់ នៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ នឹងមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា មន្ត្រីរាជការ ភ្ញៀវជាតិ-អន្តរជាតិ យុវជន មហាជន គ្រៀងចូលរួមជាង៤ម៉ឺននាក់។ ដូច្នេះត្រូវអនុវត្តការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលទៅចូលរួមឲ្យបានល្អប្រសើរ៕