(ភ្នំពេញ)៖ រសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៤ នេះ ប្រតិភូតំណាង អង្គការសប្បុរសធម៌ខ្វនថឹម (Quantum Charity) បាននាំយកថវិកាចំនួន ៤ពាន់២០៦,៦៨ ដុល្លារ និង ២លាន១សែន៦មុឺន៨០០០រៀល មកប្រគល់ជូនតំណាងសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា នៅទីស្នាក់ការកណ្តាលជ្រោយចង្វារ ដើម្បីចូលរួមកែលម្អរ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែននៃប្រទេសកម្ពុជា។
លោក អ៊ុង គង្គា ប្រធានអង្គការសប្បុរសធម៌ខ្វនថឹម មានប្រសាសន៍ថា នេះជាការឆ្លើយតបនឹងគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន និងក៏ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា ដែលបានអំពាវនាវឱ្យជនជាតិចិនទាំងអស់ដែលរស់នៅប្រកបការងារ និងរកសុីនៅប្រទេសកម្ពុជា ចូលរួមបរិច្ចាគថវិការដើម្បីសាងសង់ហេដ្ឋារចនា សម្ព័ន្ធនៅតំបន់ព្រំដែននៃប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា អង្គការរបស់លោកមានកិត្តិយស និងសប្បាយរីករាយណាស់ ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។
លោកថា ការបរិច្ចាគថវិការលើកនេះគឺតាមសទ្ធារបស់សមាជិកម្នាក់ៗ ខ្លះមាន១មុឺនរៀល ២មុឺនរៀល, ៣មុឺនរៀលឬ ៤មុឺនរៀល… ចំណែកអ្នកដែលមិនមានសទ្ធា មិនបាច់បរិច្ចាគក៏មិនអីដែរ។
លោកបន្តទៀតថា អង្គការសប្បុរសធម៌ខ្វនថឹមបានកត់ត្រាឈ្មោះ និងថវិការបស់អ្នកបរិច្ចាគទាំងអស់ ហើយប្រគល់ជូនសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា ដើម្បីផ្ទេរចូលគណនីមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។
យើងខ្ញុំរស់នៅប្រកបកិច្ចការលើទឹកដីនៃប្រទេសកម្ពុជា មានកាតព្វកិច្ចចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានសម្រាប់ប្រទេសកម្ពុជា ដើម្បីបង្ហាញពីការគាំទ្ររបស់យើងខ្ញុំចំពោះសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។៕