(ភ្នំពេញ)៖ ការបង្ក្រាបបទល្មើសនេសាទ មិនមែនធ្វើតែមួយរយៈពេលខ្លីនោះទេ គឺក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ តែងបានធ្វើជាប់ជាប្រចាំ ខណៈសំណុំរឿង៩០ករណី ត្រូវបានបញ្ជូនទៅតុលាការ និងឃុំខ្លួនមនុស្ស៣៦នាក់ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើតាម កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងអំពីរដូវបិទនេសាទ សម្រាប់ឆ្នាំ២០២៤។ ទោះបីជាមានការបិទនេសាទ និងមានការផ្សព្វផ្សាយច្រើនយ៉ាងណាក្តី ក៏នៅតែមានការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់មួយចំនួន ក្នុងរដូវបិទនេសាទនេះនៅឡើយ។
បើតាម អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា, មួយរយៈចុងក្រោយក្នុងរដូវកាលបិទនេសាទ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការងារបង្ក្រាបបទល្មើសនេសា និងបានចុះបង្ក្រាបជាប់ជាប្រចាំ។ កញ្ញាបានបន្តថា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប បានបញ្ជូនសំណុំរឿងទៅតុលាការចំនួន៩០ករណី និងបានឃុំខ្លួនមនុស្សចំនួន ៣៦នាក់ផងដែរ។
អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប បង្ក្រាបបានឧបករណ៍អួនអូសទឹកសាប៧៤វង់, ម៉ាញ់១៥វង់, ឆក់ត្រជាក់និងក្តៅ១៨៤០គ្រឿង, ឈិបយន្ត២៨គ្រឿង, អួនហ៊ុម៣៩វង់, របាំងស្បៃមុងនិងសាច់អួន២២៣៦០៨១ម៉ែត្រ, លូនិងលប៣២២២០មាត់, បង្គោលចម្រឹង៩៧៨៦២៩ដើម, ឈ្នក់រួមផ្សំភ្លើង១៣៥វង់, កាណូត ២៣៤គ្រឿង, ម៉ាស៊ីន១៤៥គ្រឿង និងបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៩០ករណី ចេញដីកាកោះហៅចំនួន ២០នាក់ និងបានឃុំខ្លួនចំនួន៣៦នាក់»។
សូមជម្រាបថា គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបនេះ បានបង្កើតតាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ផ្ដួចផ្ដើមដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានចូលជាធរមានតាមរយៈសេចក្ដីសម្រេចលេខ ២៨សសរ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
គណៈកម្មការនេះ មានភារកិច្ចរៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ , អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ, ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធីច្បាប់ជាធរមាន, រៀបចំផែនការ និងចាត់វិធានការសមស្រប ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាពខ្ពស់៕