(សៀមរាប)៖ កម្ពុជា-ចិន នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីតាំងពិព័រណ៍រូបថតសម្រស់ប្រទេសកម្ពុជា និងសម្រស់ប្រទេសចិន ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបថតតែមួយ» ក្រោមវត្តមានរបស់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជា, លោក Du Zhanyuan ប្រធាននាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប ព្រមទាំងលោក លោក្រសី ជាថ្នាក់ដឹកនាំ និងប្រតិបត្តិករ កម្ពុជា ចិនចូលរួមផងដែរ។
ពិព័រណ៍រូបថតនេះ មានរូបថតចំនួន៦៦ផ្ទាំង ដាក់តាំងបង្ហាញរយៈពេលមួយសប្តាហ៍ ដោយចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងសណ្ឋាគារ សុខា អង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយ នាយកដ្ឋានកិច្ចការកម្មសិទ្ឋិបោះពុម្ពផ្សាយភាសាបរទេស នៃប្រទេសចិន និងសហការគាំទ្រដោយក្រសួងទេសចរណ៍កម្ពុជា, ស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោក សុខ សូកេន បានលើកឡើងថា ព្រឹត្តិការណ៍នេះ ជួយចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធនាការ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤- ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ទាំងអស់នេះ គឺជាបានបង្ហាញយ៉ាងច្បាស់ពីសន្ទុះក្នុងការជំរុញនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជាជនឲ្យកាន់តែមានទំនាក់ទំនងល្អនឹងគ្នាផងដែរ។
លោក សុខ សូកេន បន្តថា ការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន២០២៤» ពិសេសពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» នាពេលនេះ យើងនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាពការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់នូវប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
លោក សុខ សូកេន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតនិងថាមពលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ ជាការពិត សុខសន្តិភាព ធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា «មាសបៃតង» របស់កម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដែលចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោក Wang Wenbin បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន មានការផ្លាស់ប្តូរ និងដំណើរទស្សនកិច្ចជាច្រើន ដែលបានបើកសករាជថ្មីនៃការរៀនសូត្រពីគ្នាទៅវិញទៅមក។ លោកបន្តថា ដោយឆ្លងកាត់ដំណើរព្យុះភ្លៀង និងកិច្ចសហការរួមគ្នា ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូង ដើម្បីអនុវត្តសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ហើយវាក៏ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិនផងដែរ។
លោក Wang Wenbin បានបន្តថា សព្វថ្ងៃការកសាងសហគមន៍ ដែលមានអនាគតរួមគ្នារវាងកម្ពុជា និងចិន ទទួលបានលទ្ឋផលជាផ្លែផ្កា ទំនាក់ទំនងមិត្តភាពជាប្រពៃណីកាន់តែរឹងមាំ និងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដេរ។
លោក ឌី រ៉ាដូ បានលើកឡើងថា ខេត្តសៀមរាបបានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន៣០ខេត្តក្រុង ហើយផ្លែផ្កាដែលកើតចេញពីមិត្តភាព និងភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើនថ្មីៗបន្ថែមទៀតឥតឈប់ឈរ។
ជាមួយនេះ លោកបានបញ្ជាក់ថា ពិធីតាំងពិព័រណ៍រូបភាពនាពេលនេះ គឺពិតជាបានផ្តល់ឱកាសបង្ហាញនូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ការអភិវឌ្ឍសេដ្ឋកិច្ច សម្បត្តិវប្បធម៌បេតិកភណ្ឌ និងធនធានទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសចិន និងប្រទេសកម្ពុជា ជូនភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទស្សនាកំសាន្ត ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថេរភាព មិត្តភាព និងសុខដុមរមនាយូរអង្វែង ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរុងរឿងរួមគ្នានៅក្នុងតំបន់ ក៏ដូចជា រួមគ្នាដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម និងបរិស្ថានដែលកំពុងប្រឈមមុខផងដែរ៕