(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅ រកសហត្តិភាព (Journey Towards Coexistence)» នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។
ក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបប្រជុំធុរកិច្ចជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ដើម្បីបន្តជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ ដែលកន្លងមកសភាពាណិជ្ជកម្មទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ និងបានរៀបចំដោយជោគជ័យនូវ វេទិកាធុរកិច្ចកម្ពុជាកូរ៉េ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងជួបប្រជុំធុរកិច្ចជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីបង្កើតទំនាក់ទំនង និងជំរុញធុរកិច្ចរវាងប្រទេសទាំងពីរ និងធ្វើទស្សនកិច្ចទៅកាន់តំបន់ឧស្សាហកម្ម និងពាណិជ្ជកម្មមួយចំនួនផងដែរ៕