(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការីព្រមទាំងព្រះបរិត្តកោសល្យណិប អ៊ាន ព្រះអនុគណស្រុកព្រមទាំងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង បាន
អញ្ជើញនិងនិមន្តសួរសុខទុក្ខ ម្ចាស់ផ្ទះដែលត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងកាលពីរាត្រីទៀបភ្លឺថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបានចូលរួមរំលែកទុក្ខ និងសោកស្ដាយជាមួយម្ចាស់ផ្ទះដែលបាត់បង់នូវផ្ទះ និងទ្រព្យសម្បត្តិជាទីស្រឡាញ់តែមួយប៉ប្រិចភ្នែក។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នពីបញ្ហាអគ្គិភ័យជាតិហេតុជាពិសេស ជាពិសេសត្រូវបិទបារ៉ែត ឬផ្ដាច់ចរន្តអគ្គិសនីនៅពេលដែលម្ចាស់ផ្ទះមិននៅ ហើយត្រូវតភ្ជាប់ប្រព័ន្ធអគ្គិសនីនៅតាមផ្ទះរបស់ខ្លួនតាមបទដ្ឋានបច្ចេកទេសជាមួយនឹងជាងដែលមានជំនាញពិតប្រាកដដើម្បីធានានូវសុវត្ថិភាពខ្ពស់។
លើសពីនេះ លោកអភិបាលស្រុកស្ទោងបានថ្លែងអំណរព្រះគុណនិងអរគុណជាអនេកដល់ព្រះមន្ត្រីសង្ឃស្រុកស្ទោងក៏ដូចជាសប្បុរសជននិងញាតិមិត្តជិតឆ្ងាយដែលបាននិមន្តនិងអញ្ជើញចូលរួមរំលែកការសោកស្ដាយ ហើយបានឧបត្ថម្ភនូវសម្ភារៈថវិការចូលរួមសោកស្តាយម្ចាស់ផ្ទះនៅក្នុងឱកាសនេះ។
ទន្ទឹមនឹងនេះ លោកវរសេនីយ៍ទោ ជឹម រីណា អធិការស្រុកស្ទោង បញ្ជាក់ឱ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ ភិន ថុល អាយុ៦០ឆ្នាំ ផ្ទះមានទំហំ៧មx១១,៥ម ធ្វេីអំពីឈេីប្រក់ក្បឿង ពុំបណ្តាលឲ្យមនុស្សរងរបួសទេ ហើយខូចខាតឯកសាររួមមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណេីត អត្តសញ្ញាណប័ណ្ណ គ្រឿងសង្ហារឹម និងសម្ភារៈមួយចំនួនធំ ដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង និងប្រើប្រាស់កម្លាំងនគរបាលចំនួន១៤នាក់។
លើសពីនេះ លោក សាយ គឹមឡម បានណែនាំដល់អធិការនគរបាលស្រុកស្ទោង ត្រូវជួយសម្របសម្រួលធ្វើឯកសារអត្តសញ្ញាណប័ណ្ណនិងអត្រានុកូលដ្ឋានជូនម្ចាស់ផ្ទះឡើងវិញឲ្យបានដល់ផ្ទះនិងឆាប់បំផុត ដើម្បីបានប្រើប្រាស់តាមស្ថានភាពជាក់ស្ដែង។
គួរបញ្ជាក់ថា លោកអភិបាលស្រុកស្ទោង និងព្រះមន្ត្រីសង្ឃ ព្រមទាំងសប្បុរសជនជិតឆ្ងាយបាន ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្លៀកបំពាក់ព្រមទាំងថវិកាចំនួន១,៥៤២,០០០រៀផងដែរ៕