(ភ្នំពេញ)៖ នាពេលកន្លងមកនេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានពិនិត្យឃើញថា មានការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងមូលបត្រ ដែលគ្មានអាជ្ញាបណ្ណ ឬការ អនុញ្ញាតពី ន.ម.ក. តាមមធ្យោបាយទូរគមនាគមន៍ផ្សេងៗដូចជា គេហទំព័រ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយទំនាក់ទំនងផ្សេងទៀត ក្នុងគោលបំណងទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការ ជួញដូរដែលខុសច្បាប់ ដែលនាំឱ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិ។
ក្នុងសេចក្ដីថ្លែងការណ៍រួមរវាងស្ថាប័នទាំងពីរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គេហទំព័រ ឬបណ្តាញទំនាក់ទំនងសង្គមមួយចំនួនមានប្រភពនៅក្រៅប្រទេសដែលធ្វើឱ្យ ន.ម.ក. ពិបាកនឹងគ្រប់គ្រង ចំណែកគេហទំព័រ ឬមធ្យោបាយ ទូរគមនាគមន៍មួយចំនួនទៀត ត្រូវបានបង្កើតឡើងដោយក្លែងបន្លំ តាមរយៈការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ ថ្នាក់ដឹកនាំស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាត ដើម្បីទាក់ទាញសាធារណជនឱ្យដាក់ប្រាក់ វិនិយោគ ឬធ្វើប្រតិបត្តិការជាមួយ ទោះបីជាមានវិធានការ និងចំណាត់ការផ្លូវច្បាប់ជាច្រើនត្រូវបានធ្វើឡើងដោយ អាជ្ញាធរមានសមត្ថកិច្ចក៏ដោយ។
សកម្មភាពទាំងនេះបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំជាមួយក្រុមហ៊ុន មានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រឹមត្រូវ ប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំស្ថាប័ន បង្កការរំខានដល់បរិយាកាស វិនិយោគនៅកម្ពុជា និងប៉ះពាល់ដល់ជំនឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យនេះ ន.ម.ក. និង ន.ទ.ក. នឹងសហការគ្នាយ៉ាងជិតស្និទ្ធលើការចាត់វិធានការបិទខ្ទប់គេហទំព័រ មាតិកានៅក្នុងបណ្តាញទំនាក់ទំនងសង្គម និងមាតិកាផ្សព្វផ្សាយលើមធ្យោបាយទូរគមនាគមន៍ផ្សេងៗ ដែលធ្វើ ប្រតិបត្តិការពាក់ព័ន្ធនឹងមូលបត្រដោយគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក. សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ តាមយន្តការច្បាប់ ដែលមានជាធរមាន។
ជាមួយគ្នានេះ សាធារណជនអាចស្វែងរកបញ្ជីបច្ចុប្បន្នភាពនៃក្រុមហ៊ុន ទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក. រួមទាំងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនទាំងនេះ តាមរយៈគេហទំព័រ របស់ ន.ម.ក. www.serc.gov.kh ឬតាមរយៈ QR Code (ក្នុងសេចក្ដីថ្លែងការណ៍)។
ន.ម.ក. និង ន.ទ.ក. សូមក្រើនរំលឹក និងអំពាវនាវដល់សាធារណជនទាំងអស់មេត្តាមានការប្រុងប្រយ័ត្នខ្ពស់
បំផុត ចំពោះការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងមូលបត្រជាមួយគេហទំព័រ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយ ទូរគមនាគមន៍ផ្សេងទៀត ដែលផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងមូលបត្រ ដែលគ្មានអាជ្ញាបណ្ណ ឬ ការអនុញ្ញាតពី ន.ម.ក.៕