(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញ និងណែនាំពីលោក ញ៉ែម សំអឿន ប្រធាន ស.ស.យ.ក ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ធូ ឃឿ អភិបាលនៃគណៈអភិបាលក្រុងនិងជាប្រធាន (ស.ស.យ.ក) ក្រុងបានលុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ស្ថិតនៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងឱកាសនោះដែរ លោកប្រធានបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកញ៉ែម សំអឿនប្រធាន (ស.ស.យ.ក)ខេត្តរតនគិរី ជាពិសេសលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលលោកតែងតែគិតគូរនិងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។
លោកបានបន្តទៀតថា ថ្វីត្បិតសម្ភារដែលបានចែកជូននាពេលនេះមានតិចតួចក្តីពុំបានឆ្លើយតបទៅនឹងតម្រូវការ តែអាចជួយដោះស្រាយជីវភាពបានមួយគ្រា ក្នុងពេលនេះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការខិតខំប្រឹងប្រែងបង្កបង្កើនផលប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត និងថែរក្សាសុខភាពឲ្យបានល្អផងដែរ។
សូមបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគនាំមកចែកជូនប្រជាពលរដ្ឋចំនួន១០គ្រួសារដែលមានជីវភាពខ្វះខាតដោយក្នុង១គ្រួសារទទួលបានអង្ករ,ទឹកត្រី,ប៊ិចេង,ស្ករ,អំបិល,មី,ត្រីខ,មុងភួយនិងថវិកា ចំនួន៣ម៉ឺនរៀល៕