(កំពង់ឆ្នាំង)៖ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានប្រារព្ធពិធីអបអរសាទរការបើកដំណើរការការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៉ឹង ស៊ីវម៉េង តំណាងអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ក្រុមការងារមូលនិធិ ក្រុមប្រឹក្សាស្រុកនិងរដ្ឋបាលសាលាស្រុកកំពង់លែង កងកម្លាំង អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ តាជី យាយជី ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សរុបជិត ៥០០អង្គ/នាក់ ស្របតាមការជូនដំណឹងរបស់រាជរដ្ឋាភិបាលឱ្យគ្រប់បណ្តារស្ថាប័នរដ្ឋនិងឯកជន ចូលរួមប្រារព្ធពិធីអបអរសាទរព្រែកជីកហ្វូណនតេជោនេះ អោយបានអធិកអធម ប្រកបដោយភាពសប្បាយរីករាយ។
ពិធីអបអរសាទរពិធីបើកការការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅស្រុកកំពង់លែង ត្រូវបានរៀបចំឡើងដោយមានការយកចិត្តទុកដាក់បំផុតពីអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ធ្វើយ៉ាងណាឱ្យមានភាពមហោឡារិក ក្នុងគោលបំណងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកប្រវត្តិសាស្រ្តនេះ ដោយបានរៀបចំការទូងស្គរជ័យ និងគងជ័យដ៏ធំ អមដោយក្រុមភ្លេងមានស្គរ ស្នែងជ័យ ក្រុមឆៃយ៉ាំ និងការបង្ហោះប៉េងប៉ោងចំនួន ៩០៩ ដែលមានភ្ជាប់ពាក្យស្លោកថា «គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ»។
ការរៀបចំពិធីរបស់មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន គឺជាសក្ខីភាពនៃការគាំទ្រ និងចូលរួមពីវិស័យឯកជនក្នុងការអបអរសាទរចំពោះការចាប់ផ្តើមការដ្ឋានសាងសង់ព្រែកជីក «ហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានតម្លៃវិសេសវិសាល ជានិមិត្តរូប និងជាហេដ្ឋារចនាសម្ព័ន្ធប្រវត្តិសាស្ត្រសម្រាប់សេដ្ឋកិច្ចជាតិ ដែលប្រជាជនកម្ពុជាយើងទំាងអស់គ្នានឹងចងចាំជានិច្ច។
ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន ព្រែកជីកហ្វូណនតេជោ បានក្លាយជាមរតកប្រវត្តិសាស្រ្តដ៏ធំមួយរបស់កម្ពុជា តាមលំនាំនៃកេរ្តិ៍តំណែលមរតកពីបុព្វបុរសនៃយើង ហេតុនេះហើយការកំណត់យកកាលបរិច្ឆេទបើកការដ្ឋានសាងសង់ ថ្ងៃទី០៥ ខែសីហា ចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គឺញ៉ាំងឱ្យឃើញយ៉ាងប្រត្យក្សនូវនិមិត្តរូបដ៏ថ្លៃថ្លានៃសមិទ្ធផលជាកេរ្តិ៍តំណែលចុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ដ៏រុងរឿងឧត្តុង្គឧត្តមប្រកបដោយសន្តិភាព និងឯកភាពទឹកដីដ៏ពេញលេញ។
ព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចកម្ពុជា នឹងផ្ដល់អត្ថប្រយោជន៍លើវិស័យជាច្រើនដូចជា វិស័យដឹកជញ្ជូន ទេសចរណ៍ កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម អចលនទ្រព្យ និងការវិនិយោគ មានជាអាទិ៍ការបង្កើតតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ និងមជ្ឈមណ្ឌលភស្តភារកម្ម ជាដើម ពិសេសការតភ្ជាប់ផ្លូវនាវាចរណ៍យុទ្ធសាស្ត្រពីភ្នំពេញទៅសមុទ្រ នៃខេត្តកែប តាមខេត្តកណ្តាល និងតាកែវ ដោយពុំចាំបាច់ត្រូវឆ្លងកាត់តាមផែអន្តរជាតិនៃប្រទេសវៀតណាមដូចមុនទៀត។
ស្ថានភាពនេះ នឹងជួយលើកកម្ពស់បរិយាកាសវិនិយោគ ផលិតកម្ម និងការនាំចេញ ជាមួយនឹងគុណសម្បត្តិប្រកួតប្រជែងថ្មី ក្នុងនោះការចំណាយនឹងត្រូវកាត់បន្ថយ ពេលវេលានៃការធ្វើដំណើររបស់នាវាដឹកទំនិញរួមខ្លីជាងមុន និងការបំពេញបែបបទដឹកទំនិញមានប្រសិទ្ធភាពជាងមុនជាដើម ព្រែកជីកនេះនិងក្លាយជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាព។
មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន រដ្ឋបាលសាលាស្រុកកំពង់លែង កងកម្លាំង អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ តាជី យាយជី ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធឹ យុវជនកាកបាទក្រហម ពិតជាមានសេចក្តីរំភើបរីករាយឥតឧបមា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ជាផ្លូវការនូវព្រែកជីកហ្វូណនតេជោនាថ្ងៃនេះ៕