(ស្វីស)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Maria Helena ANDRÉ ប្រធានការិយាល័យសកម្មភាពកម្មករនិយោជិត នៃអង្គការអន្តរជាតិខាងការងារ(ILO ACTRAV) ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់លោកស្រី Maria Helena ANDRÉ អំពីតួនាទីយ៉ាងសំខាន់របស់ការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ILOក្នុងការពង្រឹងសមត្ថភាពភាពជាតំណាងនៃកម្មករនិយោជិត។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពចាំបាច់នៃតួនាទីរបស់ការិយាល័យសកម្មភាពកម្មករនិយោជិតក្នុងការពង្រឹងជំនាញបច្ចេកទេសដល់កម្មករនិយោជិតនៅកម្ពុជាដើម្បីទាក់ទាញបន្ថែមទៀតនូវឧស្សាហកម្មដែលពឹងផ្អែកលើជំនាញដែលជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកស្រី ប្រធានការិយាល័យ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្តេជ្ញា និងខិតខំប្រឹងប្រែងធ្វើការជាមួយការិយាល័យលោកស្រីផ្ទាល់ ក៏ដូចជាអង្គការអន្តរជាតិខាងការងារដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសនៅក្នុងរោងចក្រកាន់តែប្រសើរ និងសុខដុម។

ក្រៅពីនេះក្នុងថ្ងៃដដែល លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Renate Hornung-Draus អនុប្រធាន អង្គការអន្តរជាតិខាងនិយោជក(IOE)ផងដែរដើម្បីបន្តស្វែងយល់ និងកិច្ចសហប្រតិបត្តិការ

ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងនិយោជកដែលបានជួយពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជា។ ជាមួយគ្នានេះ លោកស្រីអនុប្រធានថ្លែងអំណរគុណរដ្ឋាភិបាលកកម្ពុជាក្នុងការបន្តគាំទ្រអង្គការរបស់លោកស្រីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសហព័ន្ធនិយោជកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការធ្វើឱ្យបរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីបន្តជំរុញ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគដែលជាបំណងប្រាថ្នារបស់គ្រប់ភាគី៕