(កំពង់ចាម)៖ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព បានល្អគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាបាន នូវប្រក្រតីភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត ។

លោកអភិបាលរងខេត្ត បានថ្លែងដូច្នេះ នៅរសៀលថ្ញៃ ២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំ របស់គណៈកម្មការ ភូមិ-ឃុំ-សង្តាត់ មានសុវត្ថិភាព។

លោក ខ្លូត ចិន្តា បានថ្លែងទៀតថា ការរផ្តល់សេវាសាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការអនុវត្តច្បាប់ចរាចរណ៍ ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ការបង្ក្រាបសកម្មភាពក្មេងទំនើង ការផ្តល់អន្តរាគមន៍គ្រោះថ្នាក់ អគ្គីភ័យ និងការសង្គ្រោះជនរងគ្រោះនានា ត្រូវបានលើកកម្ពស់ យកចិត្តទុកដាក់ជំរុញ និងពង្រឹងការអនុវត្តជាប្រចាំ។

លោកបន្ដថា ជាក់ស្ដែងចលនាប្រលងប្រណាំងក្នុងការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ពាក់ព័ន្ធនឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មានឃុំ សង្កាត់ចំនួនជាមធ្យម ៧០%នៃឃុំ សង្កាត់សរុបទូទាំងប្រទេស ចំនួន១,៦៥៣ ទទួលបានចំណាត់ថ្នាក់លេខ ១ ជារៀងរាល់ឆ្នាំ។

លោកអភិបាលរងខេត្ត បានឲ្យដឹងទៀតថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួងមហាផ្ទៃ បានសម្រេចនូវលទ្ធផលសំខាន់ៗមួយចំនួនទៀត មានដូចជា៖ បានបង្កើត និងដាក់ឲ្យដំណើរការនូវលេខាធិការ ភូមិ-ឃុំ-សង្តាត់ មានសុវត្ថិភាព ក្នុងខែកក្កដា ឆ្នាំ២០២២ ដើម្បីជួយក្រសួងមហាផ្ទៃ បំពេញតួនាទី និងភារកិច្ចប្រចាំថ្ងៃ។

លោក ខ្លូត ចិន្តា បានសំណូមពរដល់មន្ត្រីរាជការ និងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាធារណៈជន ឲ្បបន្តកិច្ចសហការ ផ្តល់ការគាំទ្រ និងចូលរួមអនុវត្ត ផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យកាន់តែសកម្ម នឹងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន៕