(កោះកុង)៖ យុទ្ធនាការអនុវត្តវគ្គគាំទ្រសាលារៀនគោលដៅ ក្រោមការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ.) បានបន្តដំណើរដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានចាប់ផ្តើមសកម្មភាពរបស់ខ្លួនតាំងពីដើមខែឧសភា ដោយអនុវត្តសកម្មភាពយ៉ាងសកម្មក្នុងរាជធានី ខេត្តគោលដៅចំនួន ៩ ដោយចាប់ផ្តើមចេញដំណើរពី រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ចាម កំពង់ឆ្នាំង ព្រៃវែង កំពង់ស្ពឺ កណ្តាល តាកែវ និងចុងក្រោយបានបិទបញ្ចប់វគ្គយុទ្ធនាការចុងក្រោយនៅខេត្តកោះកុង។

យុទ្ធនាការគាំទ្រសាលារៀន គឺជាផ្នែកមួយនៃសកម្មភាពអាទិភាពដ៏សំខាន់របស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការបអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (លេខាធិការដ្ឋាន គ.វ.អ.) ដោយផ្តោតលើការដាក់ចេញនូវវិធាការអន្តរាគមន៍សំខាន់ៗក្នុងការលើកកម្ពស់គុណភាពអប់រំតាមសាលារដ្ឋ និងការកែប្រែឥរិយាបថ វិន័យ សីលធម៌ និងចរិយាធម៌របស់សិស្ស ដោយអនុវត្តសម្រាប់សាលារៀននៅកម្រិតបឋមសិក្សា។

វិធានការគន្លឹះក្នុងវិស័យអប់រំត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជួយដោះស្រាយចំឫសគល់នៃបញ្ហានៅក្នុងវិស័យអប់រំដោយផ្តោតលើ ៖ អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីអប់រំ។

រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើគោលដៅអាទិភាព មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះការអភិវឌ្ឍមូលធនមនុស្សគឺជា ទិសដៅអាទិភាពទី១ ក្នុងការផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។

ដើម្បីឈានទៅសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គ.វ.អ. មានលេខាធិការដ្ឋានជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាតរបស់ក្រសួងអប់រំ យុវជន និងកីឡា សំដៅឈានទៅសម្រេចតាមគោលដៅនៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍ ៖ ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោលដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ជាដើម។

កន្លងមកលេខាធិការដ្ឋាន គ.វ.អ. បានជ្រើសរើសអតីតនាយកសាលាចូលនិវត្តន៍ដែលស្នាដៃដឹកនាំល្អចំនួន២២ រូបដើម្បីជួយផ្តល់វគ្គគាំទ្រ ចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តជាក់ស្តែងដល់សាលាគោលដៅចំនួន ៤២ សាលា ដែលត្រូវបានជ្រើសរើសពីក្នុងចំណោមរាជធានីខេត្តចំនួន ៩ ដើម្បីដាក់ឲ្យអនុវត្តនូវវិធានការគន្លឹះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឆន្ទៈទទួលខុសត្រូវខ្ពស់។

គិតមកដល់ពេលនេះ សាលារៀនគោលដៅនៅតាមរាជធានី ខេត្តទាំង៩ ត្រូវបានរៀបចំកម្មវិធីបើកយុទ្ធនាការផ្តល់វគ្គគាំទ្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. ។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីវិធានការគន្លឹះដល់អ្នកអនុវត្តផ្ទាល់នៅតាមសាលា, បង្កើនការចូលរួមរបស់សហគមន៍, ពង្រឹងឆន្ទៈ បំពាក់ស្មារតី និងការទទួលខុសត្រូវក្នុងការងាររបស់គ្រូបង្គោល ក៏ដូចជានាយកសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធសំខាន់ៗ។

ជាក់ស្តែង ចាប់តាំងពីការចាប់ផ្តើមផ្សព្វផ្សាយវគ្គគាំទ្រដល់សាលានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា រហូតមកដល់ខេត្តកោះកុងនេះ មានលោកគ្រូ អ្នកគ្រូ អាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត ឪពុកម្តាយ អាណាព្យាបាល និងសហគមន៍សរុបចំនួនប្រមាណ ៣០០០នាក់ បានចូលរួមស្តាប់ផ្ទាល់ និងទទួលបាននូវព័ត៌មាននៃការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីវិធានការគន្លឹះក្នុងវិស័យអប់រំ យ៉ាងសស្រាក់សស្រាំ។

សូមបញ្ជាក់ថា វគ្គគាំទ្រសាលារៀនគោលដៅ មានគោលបំណងជួយឲ្យសាលាទទួលបាននូវបទពិសោធន៍ ឧត្តមានុវត្តពីអតីតនាយកសាលាមានស្នាដៃល្អ និងជំរុញការអនុវត្តវិធានការគន្លឹះឲ្យបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ដែលអាចប្រែក្លាយជាចលនាជាតិក្នុងការលើកកម្ពស់គុណភាពអប់រំ និងកែប្រែឥរិយាបថអវិជ្ជមានរបស់សិស្សឲ្យបានទូលំទូលាយបំផុតតាមវិធីសាស្ត្រផ្ការីកក្នុងពេលអនាគត។

រហូតដល់ពេលនេះ លោកគ្រូ អ្នកគ្រូ និងសិស្សនៅតាមសាលាគោលដៅនានាបានចាប់ផ្តើមបង្ហាញនូវលទ្ធផលវិជ្ជមានប្រកបដោយក្តីសង្ឃឹម និងមោទនភាពតាមរយៈការចាប់ផ្តើមផ្លាស់ប្តូរ និងកែប្រែឥរិយាបថមិនល្អចោល ហើយឈានទៅចាប់យកវិន័យ និងសីលធម៌ល្អសម្រាប់ជាបន្តបន្ទាប់។

លេខាធិការដ្ឋាន គ.វ.អ. មានតួនាទីភារកិច្ចក្នុងការជួយគាំទ្រ ដល់សាលារៀនគោលដៅ, ពិនិត្យ តាមដាន វាយតម្លៃលទ្ធផលអនុវត្តវិធានការគន្លឹះ, ផ្តល់ជម្រើសគោលនយោបាយ និងអនុសាសន៍គោរពជូន សម្តេចធិបតី ប្រធាន គ.វ.អ. ។ លេខធិការដ្ឋាន គ.វ.អ. បានកំណត់វិសាលភាពអនុវត្តភារកិច្ចនៅដំណាក់កាលដំបូង តាមរយៈការជួយគាំទ្រដល់សាលារៀននៅកម្រិតបឋមសិក្សាមុនគេ ដោយបានរៀបចំការជ្រើសរើសសាលាបឋមសិក្សាគោលដៅចំនួន ៤២សាលា ផ្អែកលើគោលការណ៍ស្ម័គ្រចិត្តចូលរួមអនុវត្តវិធានការគន្លឹះដែលមានទីតាំងស្ថិតនៅតាមរាជធានី ខេត្តចំនួន ៩ រួមមាន ៖ រាជធានីភ្នំពេញ (២សាលា) ខេត្តកណ្តាល (៥សាលា) កំពង់ស្ពឺ (៥សាលា) កំពង់ឆ្នាំង (៥សាលា) កំពង់ចាម (៥សាលា) តាកែវ (៧សាលា) ព្រៃវែង (៤សាលា) កោះកុង (៤សាលា) និងសៀមរាប (៥សាលា)។ លេខធិការដ្ឋាន គ.វ.អ. មានផ្នែកចំណុចចំនួន ៤ រួមមាន ៖ ផ្នែកគោលនយោបាយ, ផ្នែកគាំទ្រសាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ៕