(ភ្នំពេញ)៖ នៅក្នុងបរិការណ៍កាលានុវត្តភាពថ្មីខាងផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន សង្គមកម្ពុជាបានបោះជំហានឱ្យស្របនឹងការវិវត្តរីកចម្រើនរបស់សង្គម ក្នុងរបត់បរិវត្តកម្មឌីជីថល ប៉ុន្តែនេះក៏ជាពេលដែលយើងចាំបាច់ត្រូវគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន បង្កើនគុណភាព និងប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ខណៈលើកកម្ពស់ការពង្រឹងសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយធានាសុក្រិតភាព តម្លាភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ។

នេះជាការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានចូលរួមជាអធិបតីក្នុងវេទិកាយុវជនស្តីពីតួនាទីសារព័ត៌មានក្នុងការរាយការណ៍បញ្ហាប្រែប្រួលអាកាសធាតុ ដែលត្រូវបានរៀបចំឡើងដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ សហការជាមួយអង្គការយូណេស្កូ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែតការិយាល័យប្រចាំក្រុងភ្នំពេញ កម្មវិធីជំនួយអភិវឌ្ឍរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដើម្បីចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤។

មានប្រសាសន៍ទៅកាន់ អ្នកចូលរួមទាំងអស់ចំនួនជាង២០០នាក់នៅក្នុងវេទិកានេះ លោកអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា បញ្ហាបរិស្ថានទាំងនេះមិនមែនជាបញ្ហារបស់ស្ថាប័នណា ឬរបស់អ្នកណាតែម្នាក់នោះទេ តែជាបញ្ហាដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ ដែលចាំបាច់ទាមទារឲ្យមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងនោះការផ្សព្វផ្សាយ និងការទទួលព័ត៌មានពិត ដែលអាចទុកចិត្តបាន មានសារៈសំខាន់ណាស់ ដើម្បីធានាការចូលរួមសកម្មនិងប្រកបដោយប្រសិទ្ធភាព ក្នុងដំណោះស្រាយចំពោះវិបត្តិបរិស្ថាននាពេលបច្ចុប្បន្ន និងទៅអនាគត។

លោកបានមានប្រសាសន៍បន្តទៀតថា៖ នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានចំនួនប្រមាណ ១ម៉ឺន នាក់ និងអង្គភាពសារព័ត៌មានចំនួនជាង២ពាន់អង្គភាព កំពុងអនុវត្តការងារចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងនៅលើពិភពលោក លើប្រធានបទបរិស្ថាន សង្គម សេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ និងប្រធានបទផ្សេងទៀតយ៉ាងសកម្ម ដោយសេរី និងសុវត្ថិភាព។ ចំនួននេះនៅមិនទាន់រាប់បញ្ចូលចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលគិតត្រឹមចុងឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសរុបចំនួនប្រមាណជាង ១១លាន នាក់ គឺស្មើនឹងប្រមាណ៦៨% នៃចំនួនប្រជាជនសរុប។ នេះជាការឆ្លុះបញ្ចាំងឱ្យឃើញថាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅប្រទេសកម្ពុជាមានភាពសម្បូណ៍បែបនិងដោយសេរី ទាំងនេះក៏ដោយសារតែសិទ្ធិនិងសេរីភាព ក្នុងការផ្តល់និងទទួលសេវាកម្មផ្នែកអ៊ីនធឺណេតត្រូវបានបើកទូលាយនៅទូទាំងផ្ទៃប្រទេសកម្ពុជា ដែលយោងតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា ទិន្នន័យអ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា មានចំនួនជាង ១៨ លាន នាក់ ហើយកំពុងកើនឡើងជាបន្តបន្ទាប់។

ការផ្សព្វផ្សាយ និងការរាយការណ៍ព័ត៌មានជាការឆ្លុះបញ្ចាំងតថភាពសង្គម។ រាជរដ្ឋាភិបាលតែងបានលើកទឹកចិត្តដល់ការផ្តល់ព័ត៌មានដែលឈរលើភាពពិតត្រឹមត្រូវ ជាក់ស្តែង មានប្រភពច្បាស់លាស់ និងគោរពក្រមសីលធម៌ ដើម្បីចូលរួមតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍក្នុងសង្គម។ ប៉ុន្តែការរាយការណ៍ព័ត៌មាន ដោយឈរលើការមើលឃើញតែមួយជ្រុង ឬមិនមានតុល្យភាពព័ត៌មាននិងប្រភពច្បាស់លាស់ នឹងអាចធ្វើឱ្យព័ត៌មានដែលត្រូវបានផ្សាយនោះប៉ះពាល់ដល់សិទ្ធិ ឬឯកជនភាពរបស់អ្នកដទៃ អាចធ្វើឱ្យខូចសណ្តាប់ធ្នាប់ក្នុងសង្គម បង្កផលវិបាក ឬព្យសនកម្មដល់សន្តិសុខជាតិទៀតក៏មាន។

លោកអនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរំលឹកថា៖ សូមចងចាំថា អ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានមិនត្រូវដើរតួនាទីជំនួសអាជ្ញាធរមានសមត្ថកិច្ច នគរបាល ស្ថាប័នតុលាការ ឬអង្គភាពជំនាញតាមវិស័យនានាក្នុងសង្គមឡើយ។ ម៉្យាងវិញទៀត ការរួមចំណែកក្នុងដំណោះស្រាយចំពោះបញ្ហានានាក្នុងសង្គម ត្រូវធ្វើឡើងដោយភាពស្មោះត្រង់ សុចរិត ប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវ មិនត្រូវស្ថិតក្រោមឥទ្ធិពលនយោបាយ ឬធ្វើឡើងដោយជ្រកក្រោមឈ្មោះសារព័ត៌មាន ដើម្បីរាយការណ៍សម្រាប់ការកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ឬនយោបាយរបស់ក្រុមណាមួយទៀតឡើយ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន ប្រពៃណីនិងទំនើប យុវជន និងអ្នករាយការណ៍ព័ត៌មានដែលបានចូលរួមផ្តល់ព័ត៌មានពិតពីកម្ពុជា រួមចំណែកធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជាប្រទេសមានការរីកចម្រើន ស្ថានភាពសង្គមការរស់នៅល្អប្រសើរ និងកំពុងអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។

លោកបានមានប្រសាសន៍លើកទឹកចិត្តដល់យុវជនអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានឱ្យបន្តជំរុញការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងអំពាវនាវដល់អ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មានទាំងអស់ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ពង្រឹងសមត្ថភាពជំនាញនិងអនុវត្តភារកិច្ចខ្លួនប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាបង្កើនការកសាងនិងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន អ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងការអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕