(កូរ៉េ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថាពិសេសនៅសាកលវិទ្យាល័យ Sogang។

មុនពេលចាប់ផ្តើមធ្វើបាឋកថា អគ្គលេខាធិការអាស៊ាន ក៏បានជួបជាមួយ លោក Luke Sim Jong-hyeok ប្រធានសាកលវិទ្យាល័យ Sogang ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងដែលអាចធ្វើទៅបានក្នុងវិស័យអប់រំ រវាងសាកលវិទ្យាល័យ ជាមួយប្រទេសសមាជិកអាស៊ាន។

បន្ទាប់ពីបញ្ចប់បាឋកថា បណ្ឌិត កៅ គឹមហួន ក៏បានពិសាអាហារថ្ងៃត្រង់ជាមួយក្រុមអ្នកជំនាញអាស៊ាន ហើយបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីជំរុញបន្ថែមទៀតនូវភាពជាដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់នូវផលប្រយោជន៍ច្រើនបំផុត ដល់ប្រជាជនទាំងសងខាង។

លុះដល់ល្ងាចថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តចេជូ សាធារណរដ្ឋកូរ៉េ លោកបណ្ឌិត កៅ គឹមហួន បានថ្លែងសន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពិសេសតុមូល៖ ធ្វើសកម្មភាពរួមគ្នាដើម្បីអនាគតប្រកបដោយវិបុលភាពរួម នៅក្នុងវេទិកាសន្តិភាពទីក្រុងចេជូ។

នៅក្នុងសន្ទរកថា អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ថា ការធ្វើសកម្មភាពរួមគ្នាគឺជាវិធីតែមួយគត់ឆ្ពោះទៅរកអនាគតចម្រុងចម្រើន។ គាត់បានពន្យល់បកស្រាយ ពីលទ្ធផលដែលការធ្វើសកម្មភាពរួមគ្នា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន អនុញ្ញាតឱ្យអាស៊ាន រក្សាបានវិបុលភាពសម្រាប់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចយកឈ្នះការប្រឈមនានា ដោយជោគជ័យ៕