(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយ គណៈកម្មការនានានៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសដែសជាសមាជិកគណៈកម្មការទាំងប្រាំនៃអនុសញ្ញាអូតាវ៉ា ដៃគូសំខាន់ៗ តំណាងអង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំ បានផ្តោតជាពិសេសលើការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ការពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាព ទីក្រុងអូស្លូ២០១៩-២០២៤ និងការកំណត់សកម្មភាពនិងវិធានការសំខាន់ៗ សម្រាប់រៀបចំសេចក្តីថ្លែងការណ៍នយោបាយ និងផែនការសកម្មភាពសៀមរាប-អង្គរ រយៈពេល៥ឆ្នាំទៅមុខ ដែលជាឯកសារតម្រង់ទិសសកម្មភាពមីនសម្រាប់ពិភពលោកទាំងមូល។

ជាមួយគ្នានោះ បណ្ឌិត លី ធុជ ប្រធានដឹកនាំកិច្ចប្រជុំ បានជំរុញឱ្យភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញរាល់ធាតុចូលនិងលទ្ធផល ដែលទទួលបានក្នុងអំឡុងពេលកិច្ចប្រជុំនេះ និងកិច្ចប្រជុំនានា ហើយរៀបចំទិសដៅ និងផែនការសកម្មភាពបន្ទាប់ ដើម្បីធានាថាកិច្ចប្រជុំត្រួតពិនិត្យឡើងវីញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ជាពិសេសការដាក់ចេញនូវសេចក្តីថ្លែងការណ៍ នយោបាយ និងផែនការសកម្មភាពសៀមរាប-អង្គរ ប្រកបដោយការយកចិត្តទុកខ្ពស់ ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន៕