(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ូ ហ្ស៊ីស៊ិ (Shou Ziqi) ប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសៀងហៃ និងជាអនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ដែលដឹកនាំគណៈប្រតិភូចិនសៀងហៃបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណង ចូលរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ចិន។

អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនសៀងហៃមកកាន់កម្ពុជា ដែលដឹកនាំដោយ លោក ស៊ូ ហ្ស៊ីស៊ិ នាពេលនេះ ដែលឆ្លុះបញ្ចាំងពីចំណងទាក់ទងដ៏រឹងមាំរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានចំណងកាទូតនឹងគ្នាតាំងពីឆ្នាំ ១៩៥៨ មកម្ល៉េះ។

អ្នកឧកញ៉ាប្រធាន បញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា តែងតែសហការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ហើយជំនួបពិភាក្សានាពេលនេះ នឹងជួយពង្រឹងទំនាក់ទំនងល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស ការចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ។ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ហើយថ្មីៗនេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរបានប្តេជ្ញាសម្រេចឲ្យបាននូវវិបុលភាពរួម និង ផ្តោតជាសំខាន់លើការអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

អ្នកឧកញ៉ាប្រធាន បានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។ កម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ានមានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ។

លោក ស៊ូ ហ្ស៊ីស៊ិ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មសៀងហៃ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ លោកប្រធាន សម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ និង បានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាព និងចំណងកាទូតប្រទេសទាំងពីរចាប់តាំងពី ឆ្នាំ១៩៥៨ មកម្ល៉េះ ដែលបន្តរីកច្រើនក្រោមការថែទាំងនិងជំរុញរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ចិនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏ធំជាងគេបំផុតមួយរបស់កម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិន។ លោកប្រធាន បានបង្ហាញនូវសេចក្តីរីករាយក្នុងការសហការ និង ចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ។

លោកប្រធាន បានជម្រាបជូន អំពីការចូលរួមរបស់សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មសៀងហៃ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមានសមាជិក ជាង ១០ ម៉ឺនក្រុមហ៊ុន។ គណៈប្រតិភូសៀងហៃដែលមកបំពេញធុរកិច្ចនៅកម្ពុជានាពេលនេះ រួមមានក្រុមហ៊ុនផលិតម៉ាស៊ីនបូមទឹក ក្រុមហ៊ុនផលិតសម្ភារៈវេចខ្ចប់ ក្រុមហ៊ុនផលិតផលអាហារសម្រន់ និងក្រុមហ៊ុនគ្របគ្រងអចលនទ្រព្យ តំបន់ឧស្សាហកម្ម និង សេវាកម្មវិនិយោគ។ លោកប្រធាន បានអញ្ជើញ អ្នកឧកញ៉ា ប្រធានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ នាពេលសមស្របណាមួយ និង អញ្ជើញសភាពាណិជ្ជកម្មកម្ពុជាចូលរួមសម្ព័ន្ធសភាពាណិជ្ជកម្មទីក្រុងសម្ព័ន្ធមេត្រីសៀងហៃអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង បានឯកភាពចំពោះសំណើរបស់ លោកប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មសៀងហៃ ក្នុងការកំណត់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរួម ដើម្បីជំរុញទំនាក់ទំនាក់ទំនងធុរកិច្ច។ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់ទីក្រុងសៀងហៃក្នុងពេលសមស្របខាងមុខ និង ពិភាក្សាលម្អិតជាមួយ សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មសៀងហៃ។

កិច្ចពិភាក្សាបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាល ជាភាតរៈ៕