(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងរៀបចំកម្មវិធី «យុវជន២១» ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជាសតវត្សទី២១ ឱ្យមានជំនាញ និងបំណិនប្រចាំជីវិត ជាពិសេសគឺជំរុញឱ្យយុវជនកម្ពុជាប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ពិធីបើកកម្មវិធី «យុវជន២១» ធ្វើឡើងក្រោមអធិតីភាពលោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលម៉ានី ក្រោមការរៀបចំដោយនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈរបាយការណ៍លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន បានឱ្យដឹងថា កម្មវិធី «យុវជន២១» គឺជាគំនិតផ្តួចផ្ដើមរបស់បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២១ ដែលរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជានៅក្នុងសតវត្សទី២១ឱ្យមានជំនាញ និងបំណិនប្រចាំជីវិត ជាពិសេសគឺជំរុញឱ្យយុវជនកម្ពុជាចេះទាញយកអត្ថប្រយោជន៍ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ការអនុវត្តកម្មវិធីយុវជន២១ កម្មវិធីពិតជាបានផ្ដល់ផលជះយ៉ាងវិជ្ជមានដល់យុវជនកម្ពុជា ដោយក្នុងនោះក្រុមយុវជនកម្មវិធីយុវជន២១មួយចំនួន បានធ្វើបរិវត្តកម្មគម្រោងរបស់ខ្លួន ប្រែក្លាយទៅជាអាជីវកម្មជាក់ស្ដែងយ៉ាងជោគជ័យនៅក្នុងទីផ្សារ។

លោកបណ្ឌិត ស៊ាន បូរ៉ាត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍយុវជន គឺជាអាទិភាពចម្បង និងមូលដ្ឋានដ៏រឹងមាំមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍយុវជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រមូលផ្ដុំកម្លាំងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ និងដៃគូអភិវឌ្ឍ សំដៅរួមចំណែកអភិវឌ្ឍយុវជនឱ្យមានសម្បទាគ្រប់ជ្រុងជ្រោយ ជាពិសេសសម្បទាសតវត្សទី២១ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍជាសាកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នៃយុគសម័យឌីជីថល។

លោកបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចជាតិប្រកដោយថីរភាព និងបរិយាបន្ន។ ដើម្បីរួមចំណែកជួយជំរុញឱ្យសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពិភពលោកបោះជំហានឆ្ពោះទៅរកភាពរីកចម្រើន។ ដោយសារយុវជនជាកោសិការរបស់សង្គមជាតិ ហេតុនេះយុវជនត្រូវចេះបង្កើតឱកាស និងបង្កើតការងារដោយខ្លួនឯង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តើមចេញពីប្រែក្លាយខ្លួនជាយុវសហគ្រិនដ៏ឆ្នើមម្នាក់។

លោក ស៊ាន បូរ៉ាត ក៏បានស្នើឱ្យមានការជំរុញកិច្ចសហការគ្រប់រូបភាព ទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជននានា ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសទីផ្សារការងារ និងសហគ្រិនភាពសម្រាប់យុវជន ជាពិសេសយុវជនដែលបានកំណត់នៅក្នុងក្រុមគោលដៅអាទិភាព និងពង្រឹងភាពជាដៃគូជាមួយយុវជនក្នុងការអប់រំ បណ្ដុះបណ្ដាល ដើម្បីងាយស្រួលឈានទៅរកទីផ្សារការងារ។

សូមបញ្ជាក់ថា កម្មវិធីយុវជន២១ ឆ្នាំ២០២៤នេះ មានបេក្ខនិស្សិតចូលរួមមកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន២៧ក្រុម ស្មើនឹង១៦២នាក់ គ្រូដឹកនាំ២៧នាក់ ដែលតួរលេខនេះមាន កំណើនពីឆ្នាំ២០២១ មាន១៣ក្រុម ឆ្នាំ២០២២ មាន២១ក្រុម និងឆ្នាំ២០២៣ មាន២៤ក្រុម៕