(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤​ នៅសាលប្រជុំសាលាដំបូ​ងខេត្តបាត់ដំបង​ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយនគរបាលយុត្តិធម៌ មកពីស្នងការដ្ឋាននគរបាលខេត្ត​ អធិការក្រុង-ស្រុកទាំង១៤​ និងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​-ក្រុង​-ស្រុក​ ទាំង១៤​ ដើម្បីពិភាគ្សា​ស្វែងរកវិធានការគន្លឹះ និងដាក់ចេញនូវយន្តការសម្រាប់អនុវត្តអោយបានតឹងរឹងលើករណីក្មេងទំនើង។

កិច្ចប្រជុំនេះបានដឹកនាំដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ក្រោយចប់កិច្ចពិភាក្សា ព្រះរាជអាជ្ញា​ បានបូកសរុបខ្លឹមសារ នៃអង្គប្រជុំ​ និងបាននែនាំដល់នគរបាលយុត្តិធ៌មឱ្យធ្វើសកម្មភាពឱ្យសកម្មនៅមូលដ្ឋាន​ ដោយកំណត់ទុកដូចជាការធ្វើយុទ្ធនាការសម្រាប់ដោះស្រាយបញ្ហាក្មេងទំនើង។

ជាមួយគ្នានេះ លោកព្រះរាជអាជ្ញា បានដាក់ចេញនូវវិធានការ​២សម្រាប់អនុវត្តគឺ៖

*ទី១៖ វិធានការបង្ការ​ ទប់ស្កាត់​ ដែលមាន​៥ចំណុចដូចខាងក្រោម៖

*តាមស្រុក-ក្រុង​ ត្រូវរៀបចំបញ្ជីឈ្មោះគ្រប់គ្រងមុខសញ្ញាឲ្យបានច្បាស់លាស់​៖​ ជនទើបចេញពីពន្ធនាគារ​ ក្រុមក្មេងទំនើង ក្រុមជួញដូរគ្រឿងញៀន​ និងចោរកម្ម។
*រៀបចំចំណាត់ថ្នាក់មុខសញ្ញា​ អ្នកបញ្ជា​ អ្នកដៃដល់​ អ្នកហែរហម។
*អប់រំ​៖​ ត្រូវសហការជាមួយអាជ្ញាធរឃុំ​ អញ្ជើញមុខសញ្ញា​ដែលផ្តុំគ្នា​ និងអញ្ជើញអាណាព្យាបាលគាត់​ លោកគ្រូ អ្នកគ្រូ​ មកជួយអប់រំពួកក្មេងទាំងនោះនៅប៉ុស្តិ៍នគរបាល។
*ពិនិត្យទីតាំងលក់ដាវសាម៉ូរៃ​ និងអប់គាត់កុំឲ្យលក់ដាវបែបនេះ
*តាមដានសកម្មភាពក្មេងទំនើង​ និងបំបែកក្រុមក្មេងទំនើងដែលផ្តុំជួបជុំគ្នា។

*ទី២៖ វិធានការបង្ក្រាប៖

*រៀបចំកម្លាំងអន្តរាគមន៍ ដើម្បីចេញប្រតិបត្តិការឲ្យទាន់ពេលវេលា។
*ស្រាវជ្រាវ​បង្ក្រាបបទល្មើសឲ្យដល់ទីបញ្ចប់ កុំអោយបទល្មើសមានការកើតឡើងទៀត៕