(ព្រះសីហនុ)៖ លោកមេភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំពិធីពិសាអាហារសាមគ្គីជាមួយសម្រាប់បងប្អូនកម្លាំងប្រជាការពារភូមិស្ម័គ្រចិត្ត ដែលជាកម្លាំងសាមគ្គីមួយជួយការងារក្នុងមូលដ្ឋានយ៉ាងសកម្ម ប្រមាណជិត៧០នាក់ ប្រកបដោយភាពរីករាយ និងមានភាពកក់ក្តៅបំផុតជាមួយថ្នាក់ដឹកនាំមូលដ្ឋាន។

ពិធីនេះធ្វើឡើងដោយការអញ្ជើញចូលរួមពីលោក កាន់ ឡឹង ចៅសង្កាត់លេខ៣ ក្រុមការងារប្រឹក្សាសង្កាត់ លោកមេប៉ុស្តិ៍ លោកមេភូមិ១ ព្រមទាំងសប្បុរសជន។

លោក ពុត សាវ៉ាន មេភូមិ១ បានឲ្យដឹងថា កន្លងមកបងប្អូនកម្លាំងប្រជាការពារបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តស្មារតី ក្នុងការជួយដល់ភូមិសង្កាត់ឲ្យមានសណ្ដាប់ធ្នាប់ និងសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកបានថ្លែងអំណរគុណដល់បងប្អូនប្រជាការពារដែលខិតខំប្រឹងប្រែងជួយដល់ភូមិសង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន ហើយសកម្មភាពទាំងអស់នេះ គឺជាផ្នែកមួយក្នុងការជួយសង្គមជាតិឲ្យមានសុខសន្តិភាព និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ដោយអនុវត្តគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម រក្សាស្ថិរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោកមេភូមិបន្ថែមថា ការរៀបចំកម្មវិធីពិសាអាហារសាមគ្គីមួយនេះ ធ្វើឡើយរលូន និងរីករាយ ដោយមានការចូលរួម ឧបត្ថម្ភពីសប្បុរសជន និងថ្នាក់ដឹកនាំរបស់យើងផងដែរ ហើយលោកថ្លែងអំណរគុណយ៉ាងជ្រើសជ្រៅចំពោះថ្នាក់ដឹកនាំ និងសប្បុរសជនមួយចំនួនក្នុងខេត្តព្រះសីហនុ បានឧបត្ថម្ភជាថវិកា និងសម្ភារៈក្នុងកម្មវិធីខាងលើនេះ។

នាឱកាសនោះផងដែរលោក កាន់ ឡឹង បានធ្វើការកោតសរសើរចំពោះលោកមេភូមិ ព្រមទាំងបងប្អូនប្រជាការពារក្នុងមូលដ្ឋានភូមិ បានផ្ដួចផ្ដើម និងកៀរគរ រកសប្បុរសជន ដើម្បីជួយឧបត្ថម្ភនៅសម្ភារៈ និងថវិកាមួយចំនួនក្នុងការរៀបចំកម្មវិធីពិសាអាហារសាមគ្គីខាងលើនេះឡើង សម្រាប់បងប្អូនប្រជាការពារយើង៕