(ស្វាយរៀង)៖ កម្លាំងនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនក្មេងទំនើងចំនួន១០នាក់ ក្រោយធ្វើសកម្មភាពដេញវាយគប់គ្នាបង្កអសន្តិសុខនៅមូលដ្ឋាន។ ករណីឃាត់ខ្លួនក្មេងទំនើងនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានប្រាប់ Fresh News ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ព្រមទាំងគណៈបញ្ជាការឯកភាព រដ្ឋបាលសាលាខេត្ដ និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ព្រមទាំងលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយជ្រំ ដោយមានការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។

លោកបានបន្ថែមថា អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង ២២៖៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោលគោ បានទទួលព័ត៌មានពីលោកមេភូមិក្រោលគោឈ្មោះ អ៊ុំ សុភី ថាមានក្មេងទំនើង១ក្រុម ជិះម៉ូតូដេញវាយគ្នានៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ តាមផ្លូវជាតិលេខ១ និងបានរត់ចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ។

អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ក្រោយពីទទួលព៌ត័មានភ្លាម កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោលគោ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានស្ដាប់ការបំភ្លឺពីឈ្មោះ យ៉ន រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជននេះបានឆ្លើយសារភាពថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង០០នាទី ខ្លួនបានជិះម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ផ្លាកលេខស្វាយរៀង 1N-0311 ចេញពីផ្ទះស្ថិតក្នុងភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សំដៅទៅមើលល្ខោន នៅភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ពេលទៅដល់រូបខ្លូនជួបមិត្ដភក្ដិនៅរោងល្ខោនចំនួន៩នាក់ លុះដល់ម៉ោង ៩និង៤០នាទីយប់ រូបខ្លួន និងបក្ខពួក បាននាំគ្នាទៅអង្គុយលេងនៅខាងមុខវត្តស្វាយផ្អែម ស្ថិតក្នុងភូមិស្វាយផ្អែម ឃុំស្វាយអង្គ។ បន្ដិចក្រោយមក ស្រាប់តែ មានក្មេងស្ទាវមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូចំនួន៥គ្រឿង មកពីទិសខាងលិច និងបានគប់ដុំថ្មមកលើរូបខ្លួន និងបក្ខពួក ភ្លាមនោះក្រុមខ្លួន បានយកដុំថ្មនៅក្បែរនោះគប់ទៅលើក្រុមនោះវិញជាច្រើនដុំថ្ម ពេលអស់ដុំថ្ម ខ្លួន និងបក្ខពួក ចំនួន៣នាក់ បានជិះម៉ូតូ រត់មកទិសខាងលិច បក្ខពួកម្ខាងទៀត ដេញរូបខ្លួន ដល់ចំណុចភូមិក្រោលគោ ឃុំក្រោលគោ រូបខ្លួន និងបក្សពួក បានជិះចូលក្នុងផ្ទះប្រជាពលរដ្ឋតែម្ដង។

លោកបានបន្ថែមថា ក្រោយពីបានស្ដាប់ការបំភ្លឺពីក្រុមក្មេងទំនើងទាំង៣នាក់រួច មកសមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវ និងឃាត់បានបក្សពួកក្មេងទំនើងចំនួន២នាក់ទៀត លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង៣០នាទី កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោលគោ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយអង្គ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្គតាសូ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលដូនស ឃាត់បានបក្សពួកក្រុមក្មេងទំនើង ចំនួន៥នាក់ទៀតសរុបឃាត់ក្រុមក្មេងទំនើងបានចំនួន១០នាក់។

លោកអធិការបានបញ្ជាក់ថា សម្ភា:វត្ថុតាងដកហូតរួមមាន ម៉ូតូចំនួន៥គ្រឿង កាំបិតផ្គាកចំនួន១ កាំបិតប៉័ងតោចំនួន១ ទូរស័ព្ចចំនួន៤គ្រឿង ដុំថ្មចំនួន៥ដុំ និងបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕