(ព្រះវិហារ)៖ លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក សុខ មុន្នីរឹទ្ធ អភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកត្បែងមានជ័យ រួមជាមយយក្រុមការងារបានចុះសួសុខទុក្ខ និងនាំយកអំណោយជាសម្ភារ និងថវិការបស់លោក គីម រិទ្ធី និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូនប្អូនប្រុស ភិ លិស អាយុ២១ឆ្នាំ រស់នៅភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ១៦មករា។

នៅក្នុងឱកាសនោះ លោក យុង គឹមហ៊ាន បានផ្តំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជូនក្រុមគ្រួសារ និងប្អូនប្រុសដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ លោកថាថ្ងៃម្សិលមិញ គ្រាន់តែដឹងដំណឹងថា ប្អូនប្រុសត្រូវសត្វដំរីព្រៃវ័ធ និងតប់ដោយប្រម៉ោយបណ្តាលឱ្យរងរបួស លោកអភិបាលខេត្តព្រះវិហារ បានចាត់ចែងទៅអាជ្ញាធរស្រុកត្បែងមានជ័យ ពិសេសណែនាំទៅលោក សុខ មុន្នីរឹទ្ធ អភិបាលរងស្រុកត្បែងមានជ័យ ត្រូវនាំក្មេងប្រុសរងគ្រោះមកកាន់មន្ទីរពេទ្យជាបន្ទាន់។

លោក យុង គឹមហ៊ាន បានផ្តាំផ្ញើរបស់លោកអភិបាលខេត្តព្រះវិហារ ដោយណែនាំបងប្អូនប្រជាពលរដ្ឋយើង ជាពិសេសតាមរយៈគ្រួសារប្អូនប្រុសរងគ្រោះ ឱ្យបងប្អូនយើងដែលប្រកបរបរនៅក្នុងព្រៃ ដូចជាបោចវល្លិ៍ បេះផ្លែឈើ រកផ្សិត ដងជ័រ ឬក៏ប្រកបរបរផ្សេងៗ ត្រូវមានការប្រុងប្រយ័ត្នខ្លួនជានិច្ច ការពារពីសត្វកាចសាហាវផ្សេងៗ ពិសេសកុំចូលព្រៃជ្រៅតែម្នាក់ឯងឱ្យសោះ។

អំណោយរបស់លោកអភិបាលខេត្តព្រះវិហារ នាំមកប្រគល់ជូនជនរងគ្រោះនាពេលនេះរួមមាន៖ អង្ករ៣០គ.ក ភេសជ្ជៈ (ទឹកផ្លែឈើ) ចំនួន២កេស ទឹកដោះឆៅ ចំនួន២៤កំប៉ុង ទឹកបរិសុទ្ធ ចំនួន ២កេស និងថវិកាចំនួន១លានរៀលផងដែរ។

សូមបញ្ជាក់ថា ក្មេងប្រុសរងគ្រោះដោយសារសត្វដំរីព្រៃវ័ធ និងតប់ដោយប្រម៉ោយ គឺកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលក្មេងប្រុសរងគ្រោះ និងក្មេងប្រុសម្នាក់ទៀតដើរចូលព្រៃ ក្នុងដែនជម្រកសត្វព្រៃព្រះរកា ប្រមាណ៥គីឡូម៉ែត្រពីភូមិ ដើម្បីរកផ្សិតប៉ក់ ចៃដន្យជួបនឹងសត្វដំរី ហើយក៏ត្រូវសត្វដំរីដេញវាត់ តប់និងប្រម៉ោយបណ្តាលឱ្យរងរបួសតែម្តង៕